ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការបកស្រាយ ករណីប្រទះឃើញក្រពើ០១ក្បាលងាប់នៅស្រុកអង្គរជុំ
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ និងអង្គភាពសារពត៌មាន ស្តីពីករណីប្រទះឃើញសត្វក្រពេី ០១ក្បាលងាប់នៅក្បែរមាត់លូ ចំណុចភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ ដែលបង្ហោះលើគណនីបណ្តាញសង្គមឈ្មោះ នី ចាន់យុគ។ ក្រោយពីបានដឹងដំណឹងនេះ សមត្ថកិច្ចបានចុះស្រាវជ្រាវ ស្វែងរកពីប្រភពដែលសត្វក្រពើ១ក្បាលនេះងាប់ បានដឹងថា៖

សត្វក្រពើ ០១ក្បាលនេះ ជារបស់ឈ្មោះ សយ សារ៉ន ភេទប្រុស នៅភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលបានខាំគ្នាងាប់ក្នុងអាងកាលពីថ្ងៃទី ១៩ខែតុលា ឆ្នាំ២០២០ ហើយម្ចាស់បានយកក្រពើដែលងាប់នោះ លើកចេញពីអាងមកដាក់ចោលលើគ្រែខាងក្រៅ ។ ក្រោយមកមានជំនន់ទឹកភ្លៀង បណ្តាលឱ្យទឹកហូរលិចគ្រែអណ្តែតសាកសពក្រពើ មិនដឹងជាទៅទីណា ។ រហូតដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ ទេីបមានប្រជាពលរដ្ឋប្រទះឃើញ សពក្រពេីអណ្តែតនៅជាប់មាត់លូ ហើយបានថតបង្ហោះលើបណ្តាញសង្គម បង្កការភ្ញាក់ផ្អើល ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចយើងក៏បានធ្វើការណែនាំដល់ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពេីអោយមានការអនាម័យ និងកុំធ្វេសប្រហែសដូចនេះទៀត ។ អាស្រ័យដូចបានគោរពជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងគ្រប់អង្គភាពសារពត៌មានជ្រាបជាព័ត៌មាន៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប