ម៉ូតូធំ CBR បើកលឿនចាប់ហ្វ្រាំងមិនទាន់ព្រលះកង់៣ឥណ្ឌាក្រឡាប់ផ្ញារជើងសង្កត់អ្នកបើកបរនិងភ្ញៀវ របួសធ្ងន់-ស្រាល៤នាក់
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងកង់បីឥណ្ឌាមួយគ្រឿងដឹកភ្ញៀវ បើកបត់ឆ្លងផ្លូវត្រូវបានម៉ូតូធំម៉ាក CBR ជិះឌុបគ្នាក្នុងល្បឿនលឿនពេក ចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកក្រឡាប់ផ្ងារជើងម្ខាង សង្កត់អ្នកបើកបរនិងភ្ញៀវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចកែងវត្តទួលទំពូង ផ្លូវម៉ៅសេទុង កែងជាមួយផ្លូវលេខ១៣៥ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន នាម៉ោងជាង១០យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសចំណាស់ម្នាក់ បើកកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HJ-1371 ដឹកយុវជនម្នាក់ដែលជាភ្ញៀវ បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ កែងវត្តទួលទំពូង បានស៊ីញ៉ូបត់ឆ្វេងបំណងបត់ទៅផ្លូវលេខ១៣៥ ខណៈពេលបត់បានពាក់កណ្ដាលផ្លូវ ស្រាប់តែមានបុរស២នាក់ បើកបរម៉ូតូធំមួយគ្រឿង ម៉ាក Honda CBR 250cc ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1GJ-4644 ឌុបគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងល្បឿនយ៉ាងលឿន ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកកង់បីឥណ្ឌាដែលកំពុងបត់បានពាក់កណ្ដាលផ្លូវនោះ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង សង្កត់លើអ្នកបើកបរនិងយុវជនដែលជាភ្ញៀវ បណ្ដាលឲ្យភ្ញៀវរងរបួសជើងខាងស្ដាំ និងអ្នកបើកបររងរបួសមធ្យម ចំណែកឯភាគីខាងម៉ូតូ ម្នាក់រងរបួសបែកឈាមពេញមុខ និងម្នាក់ទៀតរងរបួសជើង និងរលាត់ដៃរលាត់ជើង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរនាំគ្នាចោមរោមមើលពេញកន្លែងកើតហេតុ ។ ភ្លាមៗនោះគេឃើញមានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ពន្លឺ បានមកដឹកយកជនរងគ្រោះទាំងបីនាក់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ នៅសល់តែអ្នកបើកបរកង់បីនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទួលទំពូងទី១ សហការជាមួយជំនាញផ្នែកវាស់វែងចរាចរណ៍ខណ្ឌចំការមន បានចុះមកធ្វើការវាស់វែង រួចយកកង់បីឥណ្ឌា និងម៉ូតូយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
