ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មុខសញ្ញាកាច់កម៉ូតូប្រដាប់អាវុធ បានបើកឡានគេចខ្លួនទៅបំបុកឡានសមត្ថកិច្ច ធ្វើអោយមានការផ្ទុះអាវុធ បណ្តាលឲ្យរបួសមុខសញ្ញា

    BY Khmernote Media October 26, 2020
    មុខសញ្ញាកាច់កម៉ូតូប្រដាប់អាវុធ បានបើកឡានគេចខ្លួនទៅបំបុកឡានសមត្ថកិច្ច ធ្វើអោយមានការផ្ទុះអាវុធ បណ្តាលឲ្យរបួសមុខសញ្ញា

    ខេត្តកណ្តាល ៖ មុខសញ្ញាដែលមានដីកាចាប់ខ្លួនពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោស កាច់.កម៉ូតូប្រដាប់អាវុធ បានបើកឡានបំបុកឡានសមត្ថកិច្ច ធ្វើអោយមានការផ្ទុះអាវុធបណ្តាលអោយមុខសញ្ញារងរបួស ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៦ ខែ១០ ឆ្នាំ២០២០ វេលាម៉ោង១១៖៣០នាទី នៅចំណុចភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

    តាមប្រភពព័ត៌មានបាននឲ្យដឹងថា កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃ ក្រសួងមហាផ្ទៃចំនួន១២នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល បានសហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកមុខកំពូល ដឹកនាំដោយលោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុក តាមឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ ទូច ប៊ុនហាន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

    ការចាប់ខ្លួនមុខសញ្ញានេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១៤១៦ «ឈដចន» ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ របស់លោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

    នៅវេលាកើតហេតុ កម្លាំងចម្រុះ បានចុះមកដល់ចំណុចផ្ទះរបស់ឈ្មោះយន ប៊ុនថុង ភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលជនសង្ស័យកំពុងនៅទីនោះ ។

    ពេលនោះកម្លាំងចម្រុះបានឈប់នៅមុខផ្ទះ ។ ភ្លាមនោះជនសង្ស័យក៏បានបើករថយន្តរត់គេចខ្លួន ហើយបើករថយន្តបំបុករថយន្ត របស់លោកអធិការស្រុកមុខកំពូល ម៉ាកកាមរី បាឡែន ។ ពេលនោះសមត្ថកិច្ច ក៏បានបាញ់បំបែកកង់រថយន្តរបស់ជនសង្ស័យខាងក្រោយហើយក៏ផ្លាតគ្រាប់ត្រូវជនសង្ស័យ ។ បន្ទាប់មកសមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញតែម្តង៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: