ព័ត៌មានជាតិ

សង្ស័យខឹងបើកបរឌឺដងដាក់គ្នា តៃកុងរថយន្ត Rolls Royce ដកកាំភ្លើងបាញ់អ្នករត់កង់៣ ធ្វើឲ្យអ្នកដំណើរភ័យរត់ចែកជើងគ្នា

BY
Khmernote Media
October 27, 2020

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពេលមានរថយន្តស៊េរីទំនើបម៉ាក Rolls Royce បានបញ្ចេញរិទ្ធ ដោយសំលេងផ្ទុះកាំភ្លើងបាញ់ឡើងលើជាច្រើនគ្រាប់ និងបាញ់តម្រង់ចំ Passapp ១គ្រាប់ បង្កឲ្យអ្នកធ្វើដំណើរតាមផ្លូវភិតភ័យម្នាក់ៗរត់ចែកជើងគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសម្នាក់ដែលបានរត់គេចគ្រាប់កាំភ្លើងនៅកន្លែងកើតហេតុនោះបានរៀបរាប់ទាំងទឹកមុខស្លេកស្លាំងថា មុនពេលកើតហេតុគាត់បានលឺសូរសំលេងផ្ទុះ “ភាំងៗៗៗៗ” ជាង១០គ្រាប់ ហើយក៏បានឈប់រកកន្លែងសុវត្ថិភាពក៏បានឃើញរថយន្តមួយគ្រឿងម៉ាក Rolls Royce ពណ៌ស មិនចាំផ្លាកលេខបានបន្តផ្ទុះអាវុធជាច្រើនគ្រាប់ទៀត ហើយបាញ់តម្រង់ចំទៅ Passapp ១គ្រាប់ រួចជិះគេចចេញពេញកន្លែងកើតហេតុបាត់ស្រមោល។ ចំណែកឯអ្នកម្ចាស់ Passapp ក៏មានការភិតភ័យបានជិះចេញពីកន្លែងកើតហេតុដូចគ្នា ដោយបន្សល់ទុកសំបកកាំភ្លើងនៅកន្លែងកើតហេតុចំនួន៤គ្រាប់។

ប្រភពព័ត៌មានមិនច្បាស់ការមួយបានឲ្យដឹងថា ហេតុការណ៍នេះអាចផ្តើមចេញពីការបើកបរឌឺរដងដាក់គ្នា នៅចំណុចលើស្ពានអាកាស៧មករា រហូតមកដល់ចំណុចខាងលើទើបមានហេតុការណ៍បែបនេះកើតមានឡើង។

ទោះយ៉ាងណាក្រោយពេលកើតហេតុសមត្ថកិច្ចលោកអធិការខណ្ឌទួលគោកបានចុះផ្ទាល់ដល់កន្លែងកើតហេតុ នឹងបានរកឃើញគ្រាប់សំបកផ្ទុះចំនួន៥គ្រាប់ យកទៅរក្សាទុកបណ្តោះអសន្នដើម្បីធ្វើការស្រាវជ្រាវរកមុខខ្មាំងកាំភ្លើងដែលបានបាញ់បោសយ៉ាងអណាធិបតេយ្យមកផ្តន្ទាទោស ចំណែកឯអ្នកបើកបរ Passapp សមត្ថកិច្ចក៏ស្រាវជ្រាវរកដែរ ដើម្បីសួរនាំហេតុការណ៍ទាំងនេះ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: