ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់នៅផ្លូវ៦០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

BY
srey nuch
October 27, 2020

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ៦០ម៉ែត្របានប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ក្បែរម៉ូតូទាំងក្បាលសុទ្ធតែឈាម ចំណែកម៉ូតូរងការខូចខាតខ្ទេចមួយកំណាត់មុខ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩:៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុប្រជាជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កន្លែងហ្នឹងហើយបានប្រទះឃើញបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុប្រហែល ៣០ឆ្នាំជាងដេកស្លាប់ក្បែរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-4819 ទាំងក្បាលសាកសពមានឈាម។ ចំណែកម៉ូតូជនរងគ្រោះខ្ទេចមួយកំណាត់មុខទាំងស្រុង។

ឃើញបែបនេះអ្នកដំណើរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញចុះមកដល់កន្លែងកើតហេតុ។ ក្រោយពេលពិនិត្យរួច សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា អាចជាករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកលឿនហើយបុករថយន្តពីក្រោយ បណ្ដាលឲ្យដួលបោកក្បាលស្លាប់តែម្ដង។ ចំពោះសពសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តដឹកសាកសពបុរសខាងលើយកទៅដាក់វត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួល ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកករណីខាងលើនេះសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ត៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: