ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តមែកសឺដែសស៊េរីទំនើប តម្លៃរាប់សែនដុល្លារ បើកគេចរ៉ឺម៉កជ្រុលបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ ដាច់កង់មុខបើកលែងរួច

    BY Khmernote Media October 28, 2020
    រថយន្តមែកសឺដែសស៊េរីទំនើប តម្លៃរាប់សែនដុល្លារ បើកគេចរ៉ឺម៉កជ្រុលបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ ដាច់កង់មុខបើកលែងរួច

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Mercedes Benz GLS 450 ស៊េរីទំនើបឆ្នាំ២០២១ មួយគ្រឿងគេចពីរ៉ឺម៉កជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបាក់ខូចខាតអស់១កង់ធ្វើឱ្យរថយន្តរងការខូចខាតដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច តែមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ នៅត្រង់ចំណុចខាងត្បូងប៉ុស្តិ៍ស្វាយប៉ាកប្រមាណជា១០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Mercedes Benz GLS 450 ពណ៌ស តាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបើកបញ្ច្រាសពីជើងរួចបត់ឆ្លងផ្លូវ ដែលជាហេតុធ្វើឱ្យរថយន្តជ្រុលល្បឿន គេចម៉ូតូសណ្តោងរ៉ឺម៉កក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលវេរក្បាលនាគមកទិសខាងលិចឆែបតិចតួច។ ដោយឡែករថយន្តបង្កបានដាច់កង់មុខផ្នែកខាងឆ្វេងខ្ទាតចេញពីរថយន្តនិងខូចខាតកំណាត់មុខផ្នែកខាងឆ្វេងផងដែរ។

    ក្រោយពេលកើតហេតុសមត្ថកិច្ច ចរាចរណ៍ខណ្ឌឫស្សីកែវ បានប្រគល់ករណីគ្រោះថ្នាក់ចរាចរណ៍នេះទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: