ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចចុះល្បាតពេលរាត្រី បង្ក្រាបគ្រឿងញៀន៣ករណីនៅសង្កាត់ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យ ៧នាក់ និងដកហូតគ្រឿងញៀនមួយចំនួន

    BY Khmernote Media October 28, 2020
    សមត្ថកិច្ចចុះល្បាតពេលរាត្រី បង្ក្រាបគ្រឿងញៀន៣ករណីនៅសង្កាត់ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យ ៧នាក់ និងដកហូតគ្រឿងញៀនមួយចំនួន

    រាជធានីភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចេញល្បាតពេលរាត្រីបង្ក្រាបគ្រឿងញៀន ៣ករណីផ្សេងគ្នា នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១១:០៥នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ។

    អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុច ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានដាក់ផែនការដល់បណ្តាប៉ុស្តិ៍ទាំង៧ ត្រូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងបង្កើនការយកចិត្តទុកដាក់ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលដឹកនាំដោយលោកអធិការរង២រូប គឺលោកវរសេនីយ៍ទោ គង់ សុវង្ស និងលោកវរសេនីយ៍ត្រី ឃុន រតនា និងលោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស បានដឹកនាំកម្លាំងចេញល្បាត សហការជាមួយកម្លាំងប៉ុស្តិ៍ទាំង៧ បានចេញល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន។

    លុះមកដល់ក្នុងសង្កាត់ស្ទឹងមានជ័យទី១ បានបង្ក្រាបគ្រឿងញៀន៣ករណីផ្សេងគ្នា៖
    ១.ករណីរក្សាទុកគ្រឿងញៀន ឃាត់ខ្លួនបុរសម្នាក់ ដកហូតថ្នាំ ១កញ្ចប់តូច
    ២.ករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនបុរសម្នាក់ ដកហូតថ្នាំ ៣កញ្ចប់
    ៣.ឆ្មក់ចូលទីតាំងផ្ទះបែកបាក់មួយកន្លែង ដែលមានក្រុមជនអនាថាប្រុសស្រីកំពុងពពាក់ពពូនគ្នា ប្រើប្រាស់គ្រឿងញៀន ដកហូតវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួន ឃាត់ខ្លួនមនុស្សប្រុសស្រី ៥នាក់ទៀត រួចនាំយកទៅស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរបន្ត កាលពីវេលាម៉ោង១១:០៥នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ។

    បច្ចុប្បន្នក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានប្រគល់អោយប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការជាមួយជំនាញធ្វើការសាកសួរ ចាត់ការតាមចាត់ការតាមនីតិវិធី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: