ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ស្លាប់ចោលប្រពន្ធកូន៣នាក់ ក្រោយជិះម៉ូតូត្រលប់ទៅផ្ទះវិញ ជ្រុលបុកទ្រូងផ្លូវ ដួលបោកនឹងថ្នល់អូសជាច្រើនម៉ែត្រ

BY
Khmernote Media
October 31, 2020

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ចោលប្រពន្ធកូន៣នាក់ បន្ទាប់ពីជិះម៉ូតូ Click មួយគ្រឿង ក្នុងល្បឿនលឿន ស្រាប់តែជ្រុលទៅបុកកៀរទ្រូងផ្លូវ ដួលបោកនឹងថ្នល់អូសជាច្រើនម៉ែត្រ រងរបួសធ្ងន់បាត់មាត់បាត់ក និងស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១:២៥នាទីយប់ ទី៣០ ខែតុលា ឆ្នាំ២០២០នេះ នៅតាមផ្លូវព្រះមុនីវង្ស ត្រង់ចំណុចក្រសួងធនធានទឹក និងឧត្តុនិយម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ កុម្ភៈ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅម្ដុំផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានប្រពន្ធនិងកូន៤នាក់ (ប្រុសម្នាក់, ស្រី៣នាក់) ក្នុងបន្ទុក ។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឃ្លីក (Honda Click) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IJ-7226 ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនកើតហេតុ គេឃើញបុរសរងគ្រោះបើកបរម៉ូតូ ក្នុងល្បឿនលឿន ដោយមិនដឹងចេញពីណាមកទេ ហើយមិនបានពាក់មួកសុវត្ថិភាពឡើយ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីកើតទៅលិច ពីច្រមុះជ្រូកក្បាលថ្នល់ឆ្ពោះទៅវិទ្យាល័យបឹងត្របែក តែពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកកៀររបាំងថ្មពុះចែកផ្លូវ ដួលបោកនឹងថ្នល់អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់បាត់មាត់បាត់ក បង្កការភ្ញាក់ផ្អើលដល់បងប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើល ឃើញជនរងគ្រោះរងរបួសធ្ងន់ដេកស្ដូកស្ដឹងបាត់មាត់បាត់ក ទាក់ទងរថយន្តសង្គ្រោះបន្ទាន់មកជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ និងស្ទាបខ្លួនជនរងគ្រោះមានទូរស័ព្ទមួយគ្រឿងនៅជាប់ខ្លួន ក៏បានជួយស្រាវជ្រាវរកលេខទូរស័ព្ទសាច់ញាតិ ដើម្បីទាក់ទងប្រាប់អោយបានដឹងដំណឹងនេះផងដែរ ។

មួយសន្ទុះក្រោយមកគេឃើញ បងប្អូនសាច់ញាតិរួមទាំងប្រពន្ធរបស់ជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំ នឹកស្រណោះព្រោះទើបជួបជុំគ្នាថ្ងៃបុណ្យអុំទូក បែរជាមកជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះទៅវិញ ជាមួយគ្នានេះក៏ឃើញមានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ពន្លឺ បានមកដល់ហើយពិនិត្យមើលជីពចរ រួចលើកឡើងរថយន្តបញ្ជូនទៅសង្គ្រោះតែម្ដង តែជាអកុសល ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ចោលក្រុមគ្រួសារនិងកូនៗប្រុសស្រី៤នាក់ទាំងវ័យក្មេងបែបនេះទៅវិញ មិនគួរណាជួបរឿងអកុសលបែបនេះសោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍ខណ្ឌចំការមន ចុះទៅធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំសាច់ញាតិយកឯកសារពាក់ព័ន្ធមកផ្ទៀងផ្ទាត់ទើបប្រគល់ជូនវិញ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: