ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចូលក្លឹបរាំលេងកម្សាន្ត ចេញមកវិញបាត់ឡាន ពេលសួរនាំសន្តិសុខប្រាប់ថា មាននារីម្នាក់បើកចេញទៅបាត់ហើយ

    BY Khmernote Media November 2, 2020
    ចូលក្លឹបរាំលេងកម្សាន្ត ចេញមកវិញបាត់ឡាន ពេលសួរនាំសន្តិសុខប្រាប់ថា មាននារីម្នាក់បើកចេញទៅបាត់ហើយ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលទន្លេបាសាក់ថា បាត់រថយន្ត PRIUS របស់ខ្លួន ដែលទុកកន្លែងចតរថយន្ត ក្រោយពេលចូលរាំលេងក្នុងក្លឹបកម្សាន្តមួយកន្លែង លុះចេញមកវិញបានមកយករថយន្ត តែរកមិនឃើញរថយន្ត ក៏សួរនាំសន្តិសុខ ស្រាប់តែសន្តិសុខប្រាប់មកវិញថា មាននារីម្នាក់បើកយកចេញទៅបាត់ហើយ ទើបដឹងថាជាចោរ ក៏ផ្អើលឆោឡោឡើងហើយក៏បានផ្ដល់ដំណឹងទៅវិទ្យុ ABC ជួយផ្សាយឲ្យសមត្ថកិច្ចគ្រប់គោលដៅបានដឹង ដើម្បីជួយស្ទាក់ចាប់រថយន្តនោះឲ្យផង។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត០៣ទាបភ្លឺ ឈានចូលថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចក្លឹបកម្សាន្តមួយកន្លែង មានទីតាំងស្ថិតនៅខាងជើងស្ថានទូតរុស្សី ផ្លូវរដ្ឋសភា ក្រុម១១៣ ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    រថយន្តដែលត្រូវបានគេលួចយកទៅបាត់នោះ ម៉ាក TOYOTA PRIUS (តូយ៉ូតាព្រូស) ពណ៌ទឹកមាស ពាក់ស្លាកលេខតាកែវ 2B-3336 កម្មសិទ្ធករឈ្មោះ ជាតិ ច័ន្ទតុលា អាសយដ្ឋាននៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ ជនរងគ្រោះបន្ថែមទៀតថា ក្នុងរថយន្តមានទ្រព្យសម្បត្តិមានតម្លៃមួយចំនួន មានលុយខ្មែរ ៦លាន៨សែនរៀល និងឯកសារផ្សេងៗមួយចំនួនទៀត ។

    បើតាមសម្ដីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ រូបគេបានចេញពីខារ៉ាអូខេមួយកន្លែង នៅម្ដុំគីរីរម្យ ផ្លូវព្រះសីហនុ ហើយបើករថយន្តតែម្នាក់ឯង ចំណែកឯមិត្តភ័ក្តប្រុសស្រី៤នាក់ទៀត ជិះរថយន្តមួយគ្រឿងទៀតម៉ាក LAND CRUISER ពណ៌ស បានចូលមកក្លឹបកម្សាន្តមួយកន្លែង ជាមួយគ្នា លុះពេលចេញមកវិញ ក៏បានមកយករថយន្តរបស់ខ្លួនវិញ តែរកមិនឃើញ ក៏បានទៅសួរនាំសន្តិសុខដែលយាមនៅខាងក្រៅបរិវេណ ស្រាប់តែសន្តិសុខប្រាប់មកវិញថា មាននារីម្នាក់បើកយកចេញទៅបាត់ហើយ ទើបដឹងថា នាងលួចរថយន្តរបស់ខ្លួន ក៏ប្រញាប់ទៅដាក់ពាក្យបណ្ដឹងទៅស្នាក់ការប៉ុស្តិ៍នគរបាលទន្លេបាសាក់តែម្ដង មុនពេលទៅដាក់ពាក្យបណ្ដឹង ជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ចូលវិទ្យុ ABC ជួយផ្សាយផ្ដល់ដំណឹងដល់សមត្ថកិច្ចគ្រប់គោលដៅបានឃើញ ដើម្បីជួយស្ទាក់ឃាត់រថយន្តនោះឲ្យផង ព្រោះអ្នកបើកបររថយន្តនោះ មិនមែនជាម្ចាស់រថយន្តទេ គឺជារថយន្តដែលលួចយកចេញពីកន្លែងកើតហេតុខាងលើ។

    ក្រុមការងារខ្មែរណូត សូមផ្ញើសារមួយនេះដល់បងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត តាមដែលអាចធ្វើទៅបាន ដើម្បីរក្សាការពាររបស់មានតម្លៃរបស់យើងអោយបានត្រឹមត្រូវ ព្រោះជនឆ្លៀតឱកាសមានគ្រប់ទីកន្លែងគ្រប់ពេលវេលា មិនថាយប់ឬថ្ងៃទេ អោយតែឃើញយើងធ្វេសប្រហែស គឺជនឆ្លៀតឱកាសទាំងនោះ ធ្វើសកម្មភាពហើយ ។
    ក្រោយកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីងាយស្រួលដល់សមត្ថកិច្ចកំណត់មុខសញ្ញា ធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ អោយខានតែបាន ៕

     

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: