អាយុទើប១៥ឆ្នាំសោះហ៊ាននាំគ្នាធ្វើបែបនេះ ហើយសារភាពថា ធ្លាប់ធ្វើសកម្មភាព៤ដងមកហើយ
ខេត្តកណ្តាល៖ យុវជន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆបោកយកផ្លាកដៃកាឡៃមកដាក់បញ្ចាំ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤០នាទីនៅចំណុច ហាងយីហោពិសិដ្ឋស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។ ចំណែកឯជនសង្ស័យមាន២នាក់៖ ទី១-ឈ្មោះឈុន ណារ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតបាកដ និងទី២-ឈ្មោះឡេង បូនី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្សថ្នាក់ទី៨Gវិទ្យាល័យជាស៊ីមសាមគ្គី។

វត្ថុតាងចាប់យក:
– ម៉ូតូ១គ្រឿងម៉ាក HONDA ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ផ្លាកលេខ ព្រះសីហនុ ១B ៦៣២៥។
– ផ្លាកដៃកាឡៃមួយខ្សែ ពណ៌ទង់ដែង។
– ទូរស័ព្ទដៃចំនួន២គ្រឿង (១-ម៉ាកoppo ពណ៌ខ្មៅ ២-ម៉ាក iPhone 6 ពណ៌ទឹកមាស)។
– កាបូបស្ពាយពណ៌ខ្មៅចំនួន១ ។
– បង្កាន់ដៃលក់ខ្សែដៃ១សន្លឹក(ដាក់តំលៃ៥៩៥ដុល្លា)។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែអង្គុយលក់នៅក្នុងហាងដូចសព្វដង ស្រាប់តែជនសង្ស័យទាំងពីរនាក់
បានជិះម៉ូតូដោយយកផ្លាកដៃកាឡៃ១ខ្សែព្រមទាំងបង្កាន់ដៃទិញលក់ខ្សែដៃ១សន្លឹកដាក់តំលៃ៥៩៥ដុល្លាមកដាក់បញ្ចាំជនរងគ្រោះចំនួន៤០០ដុល្លា ដោយជនរងគ្រោះធ្លាប់ចាញ់បោកគេចំនួន៤ដងមកហើយទើបយកផ្លាកដៃនោះមកឆាមមើលឃើញថា ជាផ្លាកដៃកាឡៃ ក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅតែម្តង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយកផ្លាកដៃខាងលើមកដាក់បញ្ចាំជនរងគ្រោះប្រាកដមែន ហើយធ្លាប់បានធ្វើសកម្មភាពចំនួន៤ដងគឺនៅផ្សារខេត្តកំពង់ស្ពឺពីរដងនៅផ្សារតាខ្មៅ១ដង និងលើកនេះត្រូវម្ចាស់ហាងចាប់បានប្រគល់ជូនសមត្ថកិច្ច។ ករណីកម្លាំងជំនាញកំពុងបន្តកសាងសំណុំរឿងដេីម្បីចាត់ការតាមនីតិវិធី៕
