អាសូរណាស់! ស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយជិះម៉ូតូធ្លាក់ជង្កុក បណ្តាលឲ្យដួល ហើយត្រូវរថយន្តធុនធំមកពីក្រោយកិន រួចបើកគេចខ្លួនបាត់
ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយជិះម៉ូតូមិនប្រយ័ត្នបានធ្លាក់ជង្ហុក បន្ទាប់ពីទឹកជំនន់ហូរដាច់ផ្លូវ បណ្តាលឲ្យដួល ហើយត្រូវបានរថយន្តធុនធំមកពីក្រោយកិនពីលើស្លាប់ភ្លាមៗ ឯរថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅលេីកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ចិន្ត សុខហេង អាយុ៣០ឆ្នាំ មានស្រុកកំណេីតនៅភូមិត្រាំគង់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខ តាកែវ 1V-3095 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុដែលស្ថានភាពផ្លូវមានជង្កុកដាច់ផ្លូវបន្ទាប់ពីទឹកជំនន់ ទើបធ្វើឲ្យស្ត្រីរងគ្រោះជិះធ្លាក់ជង្កុកនោះ បណ្តាលឲ្យដួលទៅខាងឆ្វេងដៃ ហើយភ្លាមនោះមានរថយន្តធុនធំមួយគ្រឿងបានបើកមកពីក្រោយកិនស្ត្រីរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ហើយរថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ និងទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីមកទទួលសពជនរងគ្រោះយកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្តិភាព ដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់៕
