សូមប្រយ័ត្ន! ឥទ្ធិពលព្យុះទី១៩ ផ្លាស់ប្តូរទិសដៅ ដែលនឹងធ្វើប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់ចាប់ពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ទៅ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសព័ត៌មានស្ដីពី ស្ថានភាពអាកាសធាតុ ឲ្យបានជ្រាបថា៖ ព្យុះទី១៩ ឈ្មោះ ហ្គោនី(GONI) បាននិងកំពុងស្ថិតនៅលើសមុទ្រចិនខាងត្បូង។ តាមការព្យាករ ព្យុះនេះ បានផ្លាស់ប្ដូរទិសដៅបន្តិចចូលមកផ្នែកខាងលើនៃភាគខាងត្បូងប្រទេសវៀតណាម ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression) ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបន្ទាប់មកជាសម្ពាធទាប (Low Pressure) នៅពេលចូលមកដល់លើភាគខាងកើតប្រទេសកម្ពុជា នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីយប់ថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានស្ថានភាព ដូចខាងក្រោម៖
– បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក តំបន់ខ្ពង់រាបភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងបណ្ដាខេត្តតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។
– បណ្ដារាជធានី ខេត្តផ្សេងទៀត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ។
ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតិភូតធម្មជាតិ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម