ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្ត PRUIS ពីរគ្រឿងពន្លះគ្នាខ្ទេចទាំងសងខាង ត្រង់ផ្លូវបំបែកជាបួន ឈ្លោះគ្នាបែកផ្សែងយកត្រូវរៀងៗខ្លួន

    BY Khmernote Media November 4, 2020
    រថយន្ត PRUIS ពីរគ្រឿងពន្លះគ្នាខ្ទេចទាំងសងខាង ត្រង់ផ្លូវបំបែកជាបួន ឈ្លោះគ្នាបែកផ្សែងយកត្រូវរៀងៗខ្លួន

    ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅផ្លូវបំបែកជាបួន ដោយសារមិនបានប្រុងប្រយ័ត្ន និងខ្វះការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក និងបំពានស្លាកសញ្ញាចរាចរណ៍(ឈប់-Stop) ទើបបណ្តាលឲ្យរថយន្តតូយ៉ូតាព្រូស (TOYOTA PRIUS) ពីរគ្រឿង បើកបោះពួយយ៉ាងលឿនមកបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសទេ គ្រាន់តែឈ្លោះគ្នាបែកផ្សែង ផ្អើលទាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាម។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២:២០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចខាងក្រោយវិទ្យាល័យទួលទំពូង ផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវ៤៣២ កែងផ្លូវ១៣៥ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់មកកាន់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញបុរសនារី៣នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស (TOYOTA PRIUS) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BC-6294 ដែលបើកធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែក រថយន្តខាងលើក៏បំរុងបើកឆ្លងកាត់ផ្លូវ១៣៥ និងបំពានស្លាកសញ្ញាចរាចរណ៍(ឈប់-Stop) ស្របពេលដែលមានរថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាព្រូស (TOYOTA PRIUS) ជារថយន្តតាក់ស៊ីឯកជន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-3749 ដែលបើកបរដោយបុរសម្នាក់ និងភ្ញៀវម្នាក់ទៀត រួមដំណើរជាមួយ បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៥ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន ហើយខណៈពេលនោះដោយមិនបានប្រុងប្រយ័ត្ន ទើបបង្កឲ្យរថយន្តទាំងពីរជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តព្រូស ពណ៌ទឹកប្រាក់រងការខូចខាតបាក់ក្រឡេ និងក្រពឹតថ្ពាល់ខាងមុខចំហៀងខាងឆ្វេង ចំណែកឯរថយន្តព្រូស ពណ៌ស បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែភាគីទាំងសងខាងចុះមកប្រកែកគ្នាផ្អើលពេញកន្លែងកើតហេតុ រហូតទាល់តែសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។

    ក្រោយពេលកើតហេតុ ដោយភាគីទាំងពីរប្រកែកទាមទារយកត្រូវរៀងៗខ្លួន ទើបសមត្ថកិច្ចមូលដ្ឋានរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឲ្យចុះមកវាស់វែងស្ទូចរថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: