នារីម្នាក់បើករថយន្ត PRUIS រវល់ឱនរើសទូរស័ព្ទជ្រុលទៅបុកកង់បីឥណ្ឌា រុញទៅបុកកន្លែងលក់បាយឆាមីឆា រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ ដោយសារតែមិនមានការប្រុងប្រយ័ត្នមួយភ្លែតរបស់នារីម្នាក់បានបើករថយន្តព្រូសឱនរើសទូរស័ព្ទដៃក៏ជ្រុលចង្កូតទៅបុកឡំប្រឺតាហើយរុញទៅបុកកន្លែងលក់បាយឆា មីឆា គុយទាវ រងការខូចខាតយ៉ាងដំណំ ព្រមទាំងធ្វើឲ្យម្ចាស់ឡំប្រឺតារងរបួសក្បាលនិងជង្គង់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចច្រកចូលបុរីឡាយគង់ តាមបណ្ដោយផ្លូវលេខ២១៧(ចំការដូង)ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុដំបូងឡើយគេឃើញកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GW-6741 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Toyota Prius ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2AV-8202 បើកបរដោយនារីម្នាក់ធ្វើដំណើរស្របទិសគ្នាជាមួយកង់បីឥណ្ឌា បានមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យកង់បីឥណ្ឌាខ្ទាតទៅបុកចូលកន្លែងលក់បាយឆាមីឆា-គុយទាវ រងការខូចខាតយ៉ាងដំណំ ព្រមទាំងធ្វើឲ្យអ្នកបើកឡំប្រឺតារងរបួសក្បាលនិងដៃជើងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនផងដែរ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មាននារីម្នាក់ដែលអះអាងខ្លួនជាអ្នកបើកបររថយន្តបានទទួលកំហុសរបស់ខ្លួនដែលមិនបានប្រយ័ត្នដោយឱនរើសទូរស័ព្ទទើបបង្កឱ្យមានបញ្ហាបែបនេះ ។
បច្ចុប្បន្នដោយសារគ្មានដំណោះស្រាយល្អរវាងភាគីទាំងបី ទើបសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោធ្វើការវាស់វែងយករថយន្តបង្កនិងកង់បីឥណ្ឌា រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នាតាមក្រោយ៕

ដោយ៖ បងម៉េង ខ្មែរណូត