ព្រឹកនេះដាច់ភ្លើង២សង្កាត់ក្នុងខណ្ឌឬស្សីកែវ ព្រោះត្រូវផ្លាស់ប្តូរបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលរថយន្ត SIENNA បុកបាក់កាលពីយប់មិញ
រាជធានីភ្នំពេញ ៖ រថយន្ត SIENNA បើកបោះពួយក្នុងល្បឿនលឿន បានរេចង្កូតទៅបុកបង្គោលខ្សែភ្លើង បណ្ដាលឲ្យរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ និងផ្ទុះបែកកង់មុខបើកទៅមុខលែងរួច ផ្ទុះពោងសុវត្ថិភាពក្នុងរថយន្ត មិនដឹងថាមានមនុស្សរងរបួស ឬក៏អត់នោះទេ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងសន្តិសុខចុះអន្តរាគមន៍ កាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២០នេះ នៅចំណុចមុខច្រកបុរីទួលសង្កែ ផ្លូវបេតុងវាយកូនហ្គោល សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សាក្សីដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿង ម៉ាក SIENNA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-1925 បើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ បានបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវបេតុងវាយកូនហ្គោល ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃទៅបុកបង្គោលខ្សែភ្លើង បណ្ដាលឲ្យរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ និងផ្ទុះបែកកង់មុខបើកទៅមុខលែងរួច ផ្ទុះពោងសុវត្ថិភាពក្នុងរថយន្ត មិនដឹងថាមានមនុស្សរងរបួស ឬក៏អត់នោះទេ បង្កការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខបុរីវិឡាទួលសង្កែ ចុះមកពិនិត្យមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ឬស្សីកែវចុះអន្តរាគមន៍ ដោយមិនដឹងថាមានមនុស្សរងរបួស ឬក៏អត់នោះទេ។
មួយសន្ទុះក្រោយមកគេឃើញបុរសម្នាក់ដែលជាប្រធានសន្តិសុខបុរីវិឡាទួលសង្កែ បានចេញមុខមកអះអាងប្រាប់សមត្ថកិច្ចថា “បង្គោលខ្សែភ្លើងនេះជារបស់បុរីវិឡាទួលសង្កែ” ។ ហើយប្រធានសន្តិសុខរូបនេះ បានទៅចរចារជាមួយភាគីរថយន្តបង្ក ដោយស្ងាត់ៗមិនដឹងថា ត្រូវរ៉ូវគ្នាយ៉ាងម៉េចខ្លះទេ ទើបខាងប្រធានសន្តិសុខនោះ ប្រាប់មកសមត្ថកិច្ចមូលដ្ឋានថា ដោះស្រាយគ្នារួចរាល់ហើយ ចំណែកឯភាគីខាងរថយន្តបង្ក ក៏ប្រញាប់ប្រញាល់ហៅរថយន្តមកស្ទូច រថយន្តបង្កម៉ាក SIENNA ដែលបើកបុកបង្គោលខ្សែភ្លើងនោះអោយបានលឿន ដើម្បីយកចេញពីកន្លែងកើតហេតុ ។ ខណៈពេលដែលរៀបចំស្ទូចរថយន្ត ស្រាប់តែក្រុមអ្នកសារព័ត៌មានបានចុះទៅផ្ដិតយករូបភាពនៅកន្លែងកើតហេតុបន្តបន្ទាប់គ្នា គ្រាន់តែឃើញអ្នកសារព័ត៌មានភ្លាម បុរសម្នាក់ដែលជាតំណាងភាគីខាងរថយន្តបង្ក បើកភ្នែកធំៗ ហាក់បីដូចជាព្យាយាមចង់បិទព័ត៌មានមួយនេះ ហើយបានមកហាមមិនឲ្យអ្នកសារព័ត៌មាន ថត ឬ Live ឡើយ ដោយបាននិយាយថា “មិនបាច់ថត Live អ្វីទៀតទេ ព្រោះគាត់ដោះស្រាយគ្នារួចហើយ” រួចហៅរថយន្តស្ទូចមកបម្រុងអូសយកចេញពីកន្លែងកើតហេតុ ចំណែកសមត្ថកិច្ចមូលដ្ឋាន ក៏មិនបានរារាំងដែរ ហើយក៏អនុញាតិអោយស្ទូចយកចេញបាត់ទៅ ។
បន្តិចក្រោយមកស្រាប់តែខាងក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា EDC បានមកដល់កន្លែងកើតហេតុ ហើយប្រាប់ក្រុមអ្នកសារព័ត៌មានថា បង្គោលខ្សែភ្លើងថ្មដែលរថយន្តបង្កបុកបាក់នោះ ជាកម្មសិទ្ធរបស់អគ្គិសនីកម្ពុជា ដែលជាបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) និងបានពិនិត្យឃើញថា បណ្តាលឲ្យប៉ះពាល់បង្គោលភ្លើង និងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ក្រុមការងារបច្ចេកទេសនឹងធ្វើការផ្លាស់ប្តូរបង្គោលភ្លើងថ្មីនៅថ្ងៃនេះ។
ជាក់ស្ដែង វេលាម៉ោង០៩:១៨នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី១ (GS1-F4) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) មួយដើម ដែលរថយន្តបុកបាក់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់គីឡូម៉ែត្រលេខ៦ (២)សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្រោយផ្លាស់ប្ដូររួចរាល់ ក្រុមការងារនឹងភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ ៕

អត្ថបទ៖ បងម៉េង ខ្មែរណូត