ឃើញដំបូងស្មានតែកញ្ចប់តែឆុងផឹកធម្មតា មានណារបស់ខុសច្បាប់សោះ ជិត១គីឡូក្រាមឯណោះ
រាជធានីភ្នំពេញ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចេញល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន បង្ក្រាបបាន ករណីជួញដូរដោយខុសច្បាស់នូវសារធាតុញៀន ឃាត់ខ្លួនមនុស្សប្រុសស្រី ៤នាក់ ដកហូតថ្នាំញៀន ជិត១គីឡូក្រាម កាលពីវេលាម៉ោង១១:០០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវមុនីរ៉េត មុខវត្តនន្ទមុនី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។

លោកវរសេនីត្រី គីវ ភិវឌ្ឍន៍ អធិការរងខណ្ឌមានជ័យ ទទួលផែនប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្រោយទទួលបានផែនការជាបន្តបន្ទាប់ ក្នុងការរក្សាការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ទាំង៩ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាពិសេសទទួលបានផែនការផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កម្លាំងល្បាតនៃអធិការដ្ឋានខណ្ឌមានជ័យ ដឹកនាំដោយរូបលោកដែលជាអធិការរង ទទួលផែនប្រឆាំងគ្រឿងញៀន បានសហការជាមួយប៉ុស្តិ៍ទាំង៧ បានធ្វើការល្បាតពួនស្ទាក់ ដើម្បីរក្សាសន្តិសុខតាមគោលដៅនីមួយៗ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ខណៈដែលមកដល់ផ្លូវព្រះមុនីរ៉េត មុខវត្តនន្ទមុនី ក៍បានឃាត់ជនសង្ស័យ០២នាក់ ឈ្មោះ ហ៊ិន សុបិន និងឈ្មោះ វ៉ាន់ ធី កំពុងជិះម៉ូតូម៉ាក់វ៉េវ ពណ៌ខ្មៅ ឌុបគ្នា ក៍សុំធ្វើការឆែកត្រួតពិនិត្យ ជាក់ស្ដែងរកឃើញ ក្រាមសថ្លា ចំនួន១០កញ្ចាប់ថង់តូច និង០១កញ្ចាប់ថង់ធំ លាក់ទុកនៅក្នុងហោប៉ៅខោរបស់ឈ្មោះ វ៉ាន់ ធី ហើយរូបគេក៏បានសារភាពថា “យកថ្នាំញៀនទាំងអស់នេះ គឺយកទៅឲ្យឈ្មោះ សុខ លីន” ហើយភ្លាមៗនោះឈ្មោះសុខ លីន ក៏បានដើរចេញមកពីក្នុងវត្តមក ទើបកម្លាំងសមត្ថកិច្ចឃើញក៍បានឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង ។
បន្ទាប់ពីបានតម្រុយនៃការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ សមត្ថកិច្ចជំនាញបានប្រើប្រាស់វិធានការសួរចម្លើយ ជាវិធានការជំនាញដើម្បីជីកឬសគល់ កាប់មែក កាប់ធាង សមត្ថកិច្ចបានបន្តសួរយកចម្លើយជនសង្ស័យ នឹងបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបន្តទៅឆែកឆេរ នៅបន្ទប់ជួលលេខ១៦ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ជាបន្ទប់ជួលរបស់ឈ្មោះ សុខ លីន និងឈ្មោះ ហុង បូរី ក៍បានត្រួតពិនិត្យឆែកឆេរ រកឃើញក្រាម ពណ៍សថ្លា ចំនួន០៩កញ្ចាប់ថង់ធំបន្ថែមទៀត។
លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់អោយដឹងថា កម្លាំងជំនាញរបស់លោក បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានដូចជា ៖ ១-ឈ្មោះ សុខ លីន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុនរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ២-ឈ្មោះ ហុង បូរី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ៣-ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដ ស្នាក់នៅវត្តនន្ទមុនី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ៤-ឈ្មោះ ហ៊ិន សុបិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុនរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ និងដកហូតវត្ថុតាង និងសម្ភារៈមាន ៖ ក្រាមពណ៌សថ្លា សរុបចំនួន២០កញ្ចាប់ (១០ថង់ធំ) (១០ថង់តូច), ជញ្ជីងអេឡិចត្រូនិច (សម្រាប់ថ្លឹងគ្រឿងញៀន) ចំនួន០១, សំបកថង់ពណ៌លឿង(ដូចកញ្ចប់តែ) ចំនួន០១, កូនថង់ប្លាស្ទិច (សម្រាប់វេចខ្ចប់ថ្នាំ) មួយចំនួន, ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃ ចំនួន០២គ្រឿង, ម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BC-1241 ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖៖ បងម៉េង ខ្មែរណូត