ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱសថខុសច្បាប់ជិត៨តោន និងផលិតផលក្លែងក្លាយជាង៥០០តោនទៀត ត្រូវបានសមត្ថកិច្ចកម្ទេចចោល

    BY Khmernote Media November 5, 2020
    ឱសថខុសច្បាប់ជិត៨តោន និងផលិតផលក្លែងក្លាយជាង៥០០តោនទៀត ត្រូវបានសមត្ថកិច្ចកម្ទេចចោល

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គណៈកម្មាធិការជាតិប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានកម្ទេចចោលឱសថខុសច្បាប់ចំនួន៧.៧តោន និងផលិតផលក្លែងក្លាយចំនួន ៥៣៣តោន ដែលកងកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការបានបង្ក្រាប និងរឹបអូសនាពេលកន្លង។ កម្មវិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

    បើតាមប្រសាសន៍របស់ ឯកឧត្តម នាយឧត្តមមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងថា ការកម្ទេចចោលឱសថអន់គុណភាព និងផលិតផលក្លែងក្លាយនៅពេលនេះ គឺមាន០៦មុខរួមមាន៖ ផលិតផលឱសថ គ្រឿងសំអាង ថ្នាំកសិកម្ម បារីអេឡិចត្រូនិច ផលិតផលប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ។ ឯកឧត្តម បន្តថា ផលិតផលក្លែងក្លាយត្រូវបានចាត់ទុកជាបទល្មើស និងពាក់ព័ន្ឋជាមួយបទឧក្រិដ្ឋឆ្លងដែន ដែលធ្វើអោយខាតបង់ដល់វិស័យសេដ្ឋកិច្ចជាតិ។ ទស្សនៈវិស័យ និងបេសកម្មរបស់គណៈកម្មាធិការ គឺមិនត្រឹមតែបាននឹងកំពុងការពារ និងលើកស្ទួយសុខុមាលភាពប្រជាជនយើងប៉ុណ្ណោះទេ ហើយថែមទាំងធ្វើអោយអ្នកវិនិយោគទាំងឡាយនាំគ្នាគោរច្បាប់ និងនាំចំណូលបង្កើនពន្ឋជូនរដ្ឋ។

    នាឱកាសនោះដែរឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានលើកឡើងផងដែរថា ឱសថក្លែងក្លាយ ឱសថខូចគុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់បានបង្កគ្រោះថ្នាក់ និងផលវិបាកជាច្រើនដល់សង្គមជាតិ និងប្រជាជនរួមមាន៖

    ១-គឺគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតអ្នកប្រើប្រាស់ឱសថ និងផលិតផលផ្សេងៗជាទូទៅមានសារសំខាន់ណាស់សម្រាប់ការព្យាបាល និងជួយដល់សុខភាពប្រជាពលរដ្ឋ ប៉ុន្តែការប្រើប្រាស់ឱសថ និងផលិតផលក្លែងក្លាយខុសច្បាប់ មិនត្រឹមតែមិនអាចជួយព្យាបាលជំងឺ និងជួយទ្រទ្រង់ដល់សុខភាពឲ្យបានល្អទេផ្ទុយទៅវិញវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដូចជាការបង្កជាជំងឺផ្សេងៗ ការបង្កើននូវកម្រិតភាពសាំនៃវីរុស ឬបាក់តេរីជាមួយឱសថ ឬអាចទាំងសម្លាប់អ្នកប្រើប្រាស់ទៀតផង។

    ២-គឺផលប៉ះពាល់ផ្នែកសង្គម ជាពិសេសទំនុកចិត្តរបស់ប្រជាពលរដ្ឋអាចធ្វើឲ្យអ្នកប្រើប្រាស់បាត់បង់នូវទំនុកចិត្តលើប្រព័ន្ធសុខាភិបាល និងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការប្រើប្រាស់ផលិតផលនានាក្នុងស្រុក។

    ៣-គឺប៉ះពាល់ដល់សេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជន ទាំងសេដ្ឋកិច្ចជាតិ អ្នកប្រើប្រាស់ត្រូវខាតបង់ថវិកាសម្រាប់ទិញឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ផង និងថវិកាបន្ថែមមសម្រាប់ព្យាបាលជំងឺដែលអាចបង្កឡើងដោយសារការប្រើប្រាស់ឱសថខូចគុណភាពនោះ។ លើសពីនេះទៀតអ្នកប្រើប្រាស់ត្រូវខាតបង់ពេលវេលាធ្វើការស្វែងរកប្រាក់ចំណូលសម្រាប់គ្រួសារទៀតនៅពេលដែលអ្នកប្រើប្រាស់ធ្លាក់ខ្លួនឈឺ និងការព្យាបាលជំងឺត្រូវចំណាយពេលយូរ។

    គួរបញ្ជាក់ដែរថា នេះគឺជាលើកទី០៩ហើយដែលគណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើពិធីកម្ទេច ផលិតផលក្លែងក្លាយ ជាពិសេសផលិតផលដែលធ្វើអោយប៉ះពាល់ដល់សុខភាព និងអាយុជីវិតអ្នកប្រើប្រាស់ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: