ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោបានបញ្ជាក់ក្នុងសារថា ភរិយា​របស់​មន្ត្រី​កម្ពុជាមួយ​ចំនួន​ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា តែ​បែរជា​ចេញ​ទៅ​កម្មវិធី​ជួបជុំ​ទៅ​វិញ អំឡុងពេលធ្វើ​ចត្តាឡីស័ក

    BY Khmernote Media November 10, 2020
    សម្តេចតេជោបានបញ្ជាក់ក្នុងសារថា ភរិយា​របស់​មន្ត្រី​កម្ពុជាមួយ​ចំនួន​ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា តែ​បែរជា​ចេញ​ទៅ​កម្មវិធី​ជួបជុំ​ទៅ​វិញ អំឡុងពេលធ្វើ​ចត្តាឡីស័ក

    សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ណែនាំ​ឲ្យ​អ្នក​ដែល​បាន​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ថា​ឲ្យ​បន្ត​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ការ​ចេញ​ទៅ​មាន​ទំនាក់ទំនង​ខាងក្រៅ ទាំង​ខ្លួន​កំពុង​ធ្វើ​ចត្តាឡីស័ក។ ការ​លើក​ឡើង​របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ក្រោយ​ពេល​មាន​ភរិយា​មួយ​ចំនួនរបស់​មន្ត្រី​កម្ពុជា​ ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ទាំង​ខ្លួន​ត្រូវ​ធ្វើ​ចត្តាឡីស័ក តែ​បែរជា​ចេញ​ទៅ​កម្មវិធី​ជួបជុំ​ទៅ​វិញ ដែល​នេះ​ជា​ការ​ធ្វេសប្រហែស នាំ​ឲ្យ​អន្តរាយ។ ទង្វើ​បែប​នេះ​បើ​នរណា​ម្នាក់​មាន​ផ្ទុក COVID-19 អាច​នាំ​ឲ្យ​ចម្លង​ទៅ​ខាង​ក្រៅ ហើយ​អាច​បាត់​បាន​ដាន​ចម្លង​ចូល​សហគមន៍។

    ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​រូប​នោះ​សូម​ឲ្យ​មន្ត្រី​ជាប់​ពាក់ព័ន្ធ​ទាំងអស់ ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត រួម​ទាំង​ប្រពន្ធ​កូន​ផង​ដែរ​ក៏​ត្រូវ​ស្ថិត​នៅ​ក្នុង​ផ្ទះ ព្រោះ​សុទ្ធតែ​បាន​ប៉ះពាល់​បន្ត​ពី​ខ្លួន។ ក្នុង​នោះ​សម្ដេច​បាន​ណែនាំ​ឲ្យ​អ្នក​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​ខ្លួនឯង​បាន​ល្អ តែ​បើ​មិន​អាច​ធ្វើ​នៅ​តាម​ផ្ទះ​បាន​ល្អ ត្រូវ​ទៅ​ធ្វើ​ចត្តាឡីស័ក​ដែល​ក្រសួង​សុខាភិបាល​រៀបចំ ហើយ​ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​ត្រូវ​មាន​ការ​យាម​កាម​ឲ្យបាន​តឹងរ៉ឹង ពី​សំណាក់​កងរាជអាវុធហត្ថ និង​នគរបាល​ជាតិ។

    សម្ដេច​បាន​បញ្ជាក់​ថា ការ​ដាក់​ឲ្យ​មាន​កងកម្លាំង​ចាំ​ឃ្លាំ​មើល​មិនមែន​ជា​ការ​ដាក់​ឃុំឃាំង​ទេ តែ​ជា​តម្រូវ​ការ​ចាំបាច់​នៃ​ការ​ឃុំ​ខ្លួនឯង និង​ដាក់​ខ្លួន​ដាច់​ដោយ​ឡែក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post: