ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រោងចក្រផលិតទឹកកកមួយកន្លែង ធ្លាយចេញឧស្ម័នអាម៉ូញាក់ បានសាយភាយធ្វើឲ្យប្រជាពលរដ្ឋនៅជុំវិញនោះពិបាកដកដង្ហើម នៅខណ្ឌច្បារអំពៅ

    BY Khmernote Media November 10, 2020
    រោងចក្រផលិតទឹកកកមួយកន្លែង ធ្លាយចេញឧស្ម័នអាម៉ូញាក់ បានសាយភាយធ្វើឲ្យប្រជាពលរដ្ឋនៅជុំវិញនោះពិបាកដកដង្ហើម នៅខណ្ឌច្បារអំពៅ

    រាជធានីភ្នំពេញ៖ រោងចក្រធុនតូចផលិតទឹកកកអនាម័យមួយកន្លែង បានធ្លាយចេញឧស្ម័នអាម៉ូញាក់ (សម្រាប់បង្កកទឹកឲ្យរឹងកក) សាយភាយចេញមកខាងក្រៅ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ជាពិសេសអ្នកនៅក្រោមខ្យល់ ធ្វើឲ្យពិបាកដកដង្ហើម ទើបបងប្អូនអ្នកភូមិយកដៃខ្ទប់ច្រមុះ អ្នកខ្លះពាក់ម៉ាស អ្នកខ្លះយកក្រមាមកខ្ទប់ច្រមុះ ចេញមកឈរនៅមុខរោងចក្រទឹកកក ស្នើសុំឲ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ និងចុះពិនិត្យមើលផង។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅក្នុងរោងចក្រធុនតូចផលិតទឹកកកយីហោ “ទឹកកកអនាម័យ ម៉ាស្ទ័រ MASTER ICE” នៅក្នុងភូមិចំពុះក្អែក ផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    បើតាមសម្ដីប្រជាពលរដ្ឋម្នាក់ ដែលមានទីលំនៅក្បែររោងចក្រផលិតទឹកកកនោះ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅពេលគាត់មកពីដឹកប្រពន្ធមកផ្ទះវិញ បានឆ្លងកាត់ចំណុចរោងចក្រកើតហេតុនោះ ដោយឃើញមានធ្លាយខ្យល់ឧស្ម័នពណ៌ស លាន់ឮជាសម្លេងខ្លាំងៗ សាយភាយចេញមកខាងក្រៅ ដែលជាឧស្ម័នអាម៉ូញាក់ (សម្រាប់បង្កកទឹកឲ្យរឹងកក) ធ្វើអោយគាត់និងប្រពន្ធ ផ្សារភ្នែក ទើបគាត់ជិះបន្ថែមល្បឿនទៅដល់ផ្ទះ សឹងតែមិនដល់រួចចុះពីលើម៉ូតូចូលក្នុងផ្ទះបិទទ្វារលុបមុខទើបបាត់ផ្សារ។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ដែលរស់នៅក្បែររោងចក្រផលិតទឹកកកអនាម័យនោះ ជាពិសេសអ្នកនៅក្រោមខ្យល់ បាននាំគ្នាមកឈរនៅមុខរោងចក្រទឹកកក ទោះបីជាយកដៃខ្ទប់ច្រមុះ អ្នកខ្លះពាក់ម៉ាស អ្នកខ្លះយកក្រមាមកខ្ទប់ច្រមុះក៏ដោយ ក៏ចេញមករាយការណ៍ និងស្នើសុំឲ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ព្រោះពួកគាត់ពិបាកដកដង្ហើមណាស់ ថប់ៗដង្ហើម និងផ្សារភ្នែកយ៉ាងខ្លាំង។

    កម្មករនៅទីនោះបានប្រាប់ថា មានការធ្លាយធុងឧស្ម័នអាម៉ូញាក់នោះពិតប្រាកដមែន ដែលជាវត្ថុធាតុដើម សម្រាប់បង្កកទឹកឲ្យរឹងកក ប៉ុន្តែបន្តិចបន្តួចតែប៉ុណ្ណោះ ក្រោយពេលធ្លាយពួកគាត់ក៏រាយការណ៍ប្រាប់ម្ចាស់រោងចក្រ ទូរស័ព្ទហៅជាងមកជួសជុលហើយ ដោយមានជាងមកដល់បានបំពាក់ឧបករណ៍ម៉ាសអុកស៊ីហ្សែន ដើម្បីចូលទៅពិនិត្យរកមើលមូលហេតុបន្ទាប់មកត្រូវបានបិទជិតវិញហើយ នៅសល់តែចំហាយប៉ុណ្ណោះ។

    សូមជម្រាបថា ឧស្ម័នអាម៉ូញ៉ាក់នេះ វាអាចប៉ះពាល់សុខភាពដូចជា ផ្សារភ្នែក ថប់ដង្ហើម ខ្សោយឆ្អឹងខ្នង និងសួត ថែមទៀតផង ទើបប្រជាពលរដ្ឋទាមទារឲ្យអាជ្ញាធរចុះពិនិត្យទីតាំងរោងចក្រផលិតទឹកកកខាងលើនេះផង ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: