ឯកឧត្តម សួស យ៉ារ៉ា សរសេរថ្លែងសារ ៩ចំណុច លើហ្វេសបុកផ្ទាល់ខ្លួនជូនសាធារណជន ខណៈឯកឧត្តមកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត
កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ជាផ្លូវការថា មានមន្ដ្រីចំនួន៣រូបទៀត រកឃើញវិជ្ជមានកូវីដ-១៩ ដែលមានការប៉ះពាល់ជាមួយរដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា (ព្រឹត្តិការណ៍ ៣វិច្ឆិកា)។ មនុស្សទាំង៣នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖

+ ទី១៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
+ ទី២៖ លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
+ ទី៣៖ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។
នៅមុននេះប៉ុន្មានម៉ោង ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ដ្រ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានបង្ហោះសារនៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនឈ្មោះ Yara Suosថា៖ ថ្ងៃទី ១១ ខែវិច្ចិកា ឆ្នាំ 2020 ខ្ញុំបាទសួស យ៉ារ៉ា សូមគោរពថ្លែងសារដូចតទៅ 1- សូមអរគុណមិត្ត និងញាតិគ្រប់គ្នាដែលបានផ្តល់សារលេីកទឹកចិត្ត ខ្ញុំសូមចងចាំទុកក្នុងចិត្ត 2- ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ស្ថានភាពខ្ញុំនៅ ធម្មតាមិនទាន់មានការវិវឌ្ឍណាមួយដែលគួរបារម្ភទេ 3- ខ្ញុំបានអនុវត្តចត្តាឡឺស័កយ៉ាងមុឺងម៉ាត់ មិនដូចការបំផ្លេីសថាខ្ញុំបានទៅទិវាបុណ្យឯករាជ្យឫទីណាផ្សេងៗឡេីយ 4- មេរោគ COVID-19 ជាមេរោគរាតត្បាតសកល សូមកុំយកវាធ្វេីជាល្បែងនយោបាយ ឫភូតកុហក ឫប្រឌិតដេីម្បីបំភ័យសាធារណ:ជន
5- ត្រូវប្រុងប្រយ័ត្នបំផុតមេរោគ COVID-19 អាចឆ្លងតាមខ្យល់ក្នុងបន្ទប់ម៉ាសុីនត្រជាក់ ដែលពុំមានលំហគ្រប់គ្រាន់ ដូច្នេះគ្រប់គ្នាត្រូវពាក់ម៉ាស់ដាច់ខាត 6- សូមអរគុណការយកចិត្តទុកដាក់ពីបណ្តាមិត្តអង្គទូតនិងមិត្តអន្តរជាតិទាំងឡាយ ពិសេសស្ថានទូតចិនដែលបានផ្ញេីរសំភារ:សំខាន់ៗសម្រាប់ថែរក្សាសុខភាព 7- សូមប្រជាជនទាំងអស់គោរពតាមបទបញ្ជារបស់ក្រសួងសុខាភិបាល ដែលជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល 8- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាមេដឹកនាំល្អ និងជាទីទុកចិត្តបំផុតក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងគ្រាលំបាក ហេីយជាពិសេសគឺ លោកទាំងពីរ បានយកសុខទុក្ខប្រជាជនជាចំបង 9- សូមថ្នាក់ដឹកនាំ មន្ត្រី និងប្រជាជនរួមសាមគ្គីគ្នាអនុវត្តវិធានការក្រសួងសុខាភិបាលយកឈ្នះព្រឹត្តិការណ៍៣វិច្ចិការនេះ ដោយមិនមានការឆ្លងទៅសហគមន៍ ដោយគោរព និងសូមការយោគយល់អំពីខ្ញុំបាទ-សួសយ៉ារ៉ា

