អាសូរណាស់! បុរស២នាក់ដើរឆ្លងផ្លូវយ៉ាងប្រុងប្រយ័ត្ន តែត្រូវរថយន្តស៊េរីទំនើប 570 បើកបរដោយជនជាតិចិន យ៉ាងលឿនមកបុក បណ្តាលឲ្យស្លាប់ម្នាក់
ភ្នំពេញ៖ រថយន្ត LEXUS 570 ស៊េរីទំនើប បើកបរដោយជនជាតិចិនម្នាក់ ក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្ន ក៏បានជ្រុលទៅបុកអ្នកថ្មើរជើង២នាក់ ដែលកំពុងឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែកបុរសម្នាក់ទៀតបានគេចរួចផុតពីសេចក្តីស្លាប់ ចំណែកឯអ្នកបើកបរនោះ បានឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១១:១០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២នេះ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យខ្មែរណូតដឹងថា មុនពេលកើតហេតុ មានយុវជន២នាក់ខាងលើ ដែលស្នាក់នៅកន្លែងធ្វើសួនផ្កាមួយកន្លែង ទល់មុខក្រុមហ៊ុនលក់រថយន្ត Mercedes ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្បែរកន្លែងកើតហេតុ បានដើរឆ្លងផ្លូវពីលិចទៅកើតយ៉ាងប្រុងប្រយ័ត្ន ពេលដែលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែឃើញរថយន្តមួយគ្រឿងបើកយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង ជ្រុលទៅបុកបុរសម្នាក់ពេញទំហឹង និងម្នាក់ទៀតគេចផុតពីគ្រោះថ្នាក់។
ប្រភពដដែលបានបន្តទៀតថា រថយន្តបង្កខាងលើមានម៉ាក លុច្សស៊ីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BB-1339 បើកបរដោយបុរសម្នាក់ សង្ស័យជាជនជាតិចិន និងស្ថិតក្នុងសភាពស្រវឹងផងដែរ។
ចំណែកឯបុរសរងគ្រោះមានឈ្មោះ រុង រុណ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅកន្លែងធ្វើសួនផ្កាមួយកន្លែង ទល់មុខក្រុមហ៊ុនលក់រថយន្ត Mercedes ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅឯខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែលើ សហការជាមួយនគរបាលផ្នែកវាស់វែងខណ្ឌមានជ័យ ជំនាញបានចុះវាស់វែងយករថយន្តទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវម្ចាស់រថយន្តចូលខ្លួនដោះស្រាយ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យនៅស្រុកកំណើត៕

ដោយ៖ បងម៉េង ខ្មែរណូត