Lexus NX200t ព្រលះ Camry 07 ត្រង់ផ្លូវបំបែកជាបួន ចុះមកឈ្លោះប្រកែកគ្នាបែកផ្សែងយកត្រូវរៀងខ្លួន
រាជធានីភ្នំពេញ ៖ រថយន្ត NX200t បានបើកបំពានស្លាកសញ្ញាក្នុងល្បឿនយ៉ាងលឿន ទៅបុកជាមួយរថយន្ត CAMRY ពេញទំហឹង នៅផ្លូវបំបែកជាបួន ហើយរេចង្កូតទៅបុកបង្គោលស្លាកសញ្ញា បាក់រាបដល់ដី និងខូចខាតរថយន្តទាំងពីរគ្រឿង ខ្ទេចយ៉ាងដំណំ បើកទៅមុខលែងរួចនោះ ស្រាប់តែមានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយប្រាវទៀត ដោយភាគីមិត្តភក្តិម្ចាស់រថយន្តទាំងពីរ បានឈ្លោះប្រកែកគ្នាបែកផ្សែងយកត្រូវរៀងខ្លួន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ២៤០ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក CAMRY ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2BC-7911 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុ ខណៈពេលកំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួន កែងផ្លូវលេខ២៤០ ស្រាប់តែឃើញរថយន្តមួយគ្រឿងទៀត ម៉ាកឡិសស៊ីស LEXUS NX200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BN-9000 ដែលបើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរតាមផ្លូវលេខ៩៩ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន បានបើកបំពានស្លាកសញ្ញាចរាចរណ៍ “ឈប់” និងមិនបន្ថយល្បឿនទេ ក៏ជ្រុលទៅបុកចំកង់មុខចំហៀងខាងឆ្វេងរថយន្ត CAMRY បណ្តាលឲ្យរងការខូចខាតផ្នែកកង់មុខ រួមទាំងបាក់កាឡេកង់ចំហៀងខាងឆ្វេងយ៉ាងដំណំ បើកទៅមុខលែងរួច ចំណែកឯរថយន្ត LEXUS NX200t បានបន្តទៅបុកបង្គោលស្លាកសញ្ញា “ប្រាប់លេខផ្លូវ” មួយដើមបាក់រាបដល់ដី បើកទៅមុខលែងរួច រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្ត តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ។
បើតាមសម្ដីបុរសម្ចាស់រថយន្ត CAMRY បានរៀបរាប់ប្រាប់ថា ដំបូងឡើយគាត់បានបើករថយន្តរបស់គាត់ ពីជើងមកត្បូង ក្នុងលឿនធម្មតា មកដល់ចំណុចកើតហេតុ ខណៈពេលគាត់កំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួន គាត់បានឃើញរថយន្ត LEXUS NX200t បានបើកក្នុងល្បឿនលឿន ទាំងបំពានស្លាកសញ្ញាចរាចរណ៍ “ឈប់” ទៅបុកកង់ខាងមុខចំហៀងឆ្វេងនៃរថយន្តរបស់គាត់ បណ្តាលឲ្យរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំ តែមិនត្រូវរបួសទេ គ្រាន់តែគាត់ស្រឡាំងកាំង សង្ងំមួយសន្ទុះ ទំរាំអាចគ្រប់គ្រងស្មារតីបានវិញ ទើបគាត់បើកទ្វារចេញក្រៅ និងទំនាក់ទំនងមិត្តភក្តិអោយមកកន្លែងកើតហេតុ ដើម្បីជួយពិនិត្យមើល និងដោះស្រាយផងដែរ ជាមួយគ្នានេះដែរភាគីខាងរថយន្ត NX200t ក៏បានហៅមិត្តភក្តិអោយមកកន្លែងកើតហេតុ ដើម្បីសម្របសម្រួលគ្នាដែរ ។
ស្រាប់តែមានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយប្រាវទៀត ដោយភាគីមិត្តភក្តិម្ចាស់រថយន្តទាំងពីរ បានឈ្លោះប្រកែកគ្នាបែកផ្សែងយកត្រូវរៀងខ្លួន ដោយមិនចាប់អារម្មណ៍ថា អ្នកបើកបររថយន្ត LEXUS NX200t បានឡើងជិះរថយន្តទំនើបពណ៌ខ្មៅមួយគ្រឿងទៀតគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ដោយមានបុរសម្នាក់ ចេញមុខមកចរចារគ្នាជាមួយភាគីខាងរថយន្ត CAMRY តែនិយាយគ្នាមិនត្រូវឡើយ ការដោះស្រាយបានប្រែជាការប្រកែកគ្នា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមពេញកន្លែងកើតហេតុ ។
ក្រោយកើតហេតុរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា និងដោះស្រាយការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

ដោយ៖ បងម៉េង ខ្មែរណូត