រថយន្ត Land Cruiser ស៊េរីទំនើប ទើបទិញមិនទាន់បានមួយអាទិត្យផង ត្រូវរថយន្តដឹកសំរាមបុកខ្ទេចយ៉ាងដំណំ ហើយតៃកុងឡានដឹកសំរាមដាក់មេប្រូចបាត់ស្រមោល
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ រថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រី បានបុកជាមួយរថយន្តស៊េរីទំនើប Land Cruiser ស៊េរីឆ្នាំ២០២១ ទើបទិញមិនបានមួយអាទិត្យផង នៅចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយតៃកុងឡានស៊ិនទ្រីរត់បាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ១៩៩ កែងផ្លូវ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

អ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Land Cruiser ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AV-5500 ស៊េរីឆ្នាំ២០២១ ទើបទិញមិនបានមួយអាទិត្យផង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៨៨ ទិសដៅពីត្បូងមកជើងក្នុងល្បឿនល្មម ខណៈមកដល់ផ្លូវបំបែកជាបួន បានឆ្លងដល់ពាក់កណ្ដាលផ្លូវ ក៏ត្រូវរថយន្តស៊ិនទ្រី ពណ៌លឿង គ្មានស្លាកលេខ មានតែលេខសម្គាល់៤៥០ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៩ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន បានបុករថយន្ត Land Cruiser ចំពីចំហៀងគូទវិលជិតមួយជុំបណ្ដាលឲ្យរងការខូចខាតនិងបែកស្តុបយ៉ាងដំណំ តែក៏ជាសំណាងល្អមិនធ្វើឲ្យមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្តស៊ិនទ្រី និងកម្មករប្រមូលសំរាម បាននាំគ្នាគេចខ្លួនបាត់អស់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ តែមួយសន្ទុះក្រោយមកក៏មានតំណាងរថយន្តស៊ិនទ្រីចុះមកដោះស្រាយ និងអះអាងថា ព្រមយករថយន្ត Land Cruiser ទៅជួសជុលឲ្យស្អាតដូចដើមជូនដល់ជនរងគ្រោះវិញ ដើម្បីបញ្ចប់រឿង ៕

ដោយ៖ បងម៉េង ខ្មែរណូត