ស្នងការក្រុងធ្វើការបកស្រាយករណី ចោរលួចម៉ូតូ ហើយម្ចាស់ម៉ូតូនាំគ្នាទៅឃ្លាំងចាំចាប់ចោរនៅកន្លែងផ្ញើម៉ូតូ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២:៣០នាទី មានជនរងគ្រោះ២នាក់ ស្រីម្នាក់ប្រុសម្នាក់ បានមកទីស្នាក់ការប៉ុស្តិ៍ដើម្បីសុំកិច្ចសហការទៅយកម៉ូតូនៅកន្លែងផ្ញើក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ផ្លូវ៨០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពេលនោះលោកវរសេនីយ៍ត្រី កាន់ វណ្ណៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក កំពុងតែអង្គុយហូបបាយម្នាក់ឯង កម្លាំងផ្សេងទៀតក៏បាននាំគ្នាទៅហូបបាយរៀងៗខ្លួន បន្ទាប់មកលោកនាយប៉ុស្តិ៍បានធ្វើការត្រួតពិនិត្យលើពាក្យបណ្តឹងរបស់ជនរងគ្រោះ បានឃើញថាជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូរបែកក្អមពីករណីចោរលួចម៉ូតូហុងដាប៊ីត ពណ៌ក្រហម ដែលមានស្លាកលេខ 1IM 3686 ដែលត្រូវចោរលួចហើយយកមកផ្ញើទុកនៅក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ពេលនោះលោកនាយប៉ុស្តិ៍ កាន់ វណ្ណៈ ក៏បានតេទៅប្រាប់អ្នកទទួលខុសត្រូវកន្លែងផ្ញើម៉ូតូ បើឃើញជនណាម្នាក់មកយកម៉ូតូដែលមានភិនភាគដូចខាងលើសូមកុំឲ្យយកចេញ ហើយលោកនាយប៉ុស្តិ៍បានឲ្យជនរងគ្រោះទាំងពីរនាក់ បានទៅចាំនៅកន្លែងផ្ញើម៉ូតូមុនខ្លាចជនសង្ស័យឆ្លៀតឱកាសយកម៉ូតូចេញ លោកនាយប៉ុស្តិ៍បានដឹកនាំកម្លាំង ដើម្បីចុះទៅអន្តរាគមន៍ ក្រោយពីលោកនាយប៉ុស្តិ៍បានធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏បានតេប្រាប់លោកនាយប៉ុស្តិ៍វិញថាអរគុណបង ដែលបងបានជួយធ្វើការទំនាក់ទំនងទៅអ្នកផ្ញើម៉ូតូ និងឲ្យលោកនាយប៉ុស្តិ៍ទៅមុន កុំអីម៉ូតូនេះត្រូវជនសង្ស័យមកយកទៅបាត់ហើយ។ ក្រោយមកកម្លាំងប៉ុស្តិ៍បានទៅសុំដកហូតម៉ូតូពីកន្លែងផ្ញើប្រគល់ឲ្យជនរងគ្រោះវិញតែម្តង ៕

