ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ងោរមាន់ហូបបាយជុំបងប្អូន ស្រាប់តែផ្ទុះកំប៉ុងហ្គាសឆាបឆេះក្នុងបន្ទប់ជួល បុរសជាប្អូនរត់ចេញមកក្រៅ តែអត់ឃើញបងប្រុស ប្អូនក៏រត់ត្រលប់ទៅវិញរកបង បណ្តាលឲ្យឆាបឆេះបាត់បង់ជីវិតតែម្តង

    BY Khmernote Media November 24, 2020
    ស្ងោរមាន់ហូបបាយជុំបងប្អូន ស្រាប់តែផ្ទុះកំប៉ុងហ្គាសឆាបឆេះក្នុងបន្ទប់ជួល បុរសជាប្អូនរត់ចេញមកក្រៅ តែអត់ឃើញបងប្រុស ប្អូនក៏រត់ត្រលប់ទៅវិញរកបង បណ្តាលឲ្យឆាបឆេះបាត់បង់ជីវិតតែម្តង

    រាជធានីភ្នំពេញ ៖ អាណោចអាធ័មណាស់! បុរសម្នាក់ស្លាប់ក្នុងអណ្តាតភ្លើង ហើយម្នាក់ទៀតរងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗខណៈពួកគាត់ចេញពីធ្វើការសំណង់ ហើយនាំគ្នាស្ងោរមាន់ ហូបបាយជុំគ្នា ស្រាប់តែផ្ទុះកំប៉ុងហ្គាស បណ្តាលអោយស្លាប់ និងរបួសតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង០៧:១០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលគ្មានលេខមួយកន្លែង ក្នុងបន្ទប់លេខ៣៤ ផ្លូវលំ ក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ព្រេង ខា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងបុកគ្រឹះ បានបាត់បង់អាយុជីវិត និងឈ្មោះ ព្រេង ឃីង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងបុកគ្រឹះ រងរបួសស្រាល បុរសទាំងពីរនាក់ជាបងប្អូនបង្កើត (ភ្លោះ) មានស្រុកកំណើត ភូមិប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានប្រពន្ធកំពុងមានផ្ទៃពោះ ៧ខែផង។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅបន្ទប់ជួលកើតហេតុខាងលើ គេឃើញបុរសកូនភ្លោះ២នាក់បងប្អូន រួមទាំងក្មួយជីដូនមួយម្នាក់ទៀត ហើយបាននាំគ្នាបើកហ្គាសស្ងោរមាន់ ធ្វើម្ហូបមិនទាន់នឹងបានហូបផង ស្រាប់តែផ្ទុះកំប៉ុងហ្គាសប្រភេទចង្ក្រានហ្គាសធុនតូច បណ្ដាលឲ្យឆាបឆេះផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ជួល ។ ប្រភពបន្តថា បន្ទាប់មកគេឃើញបុរសជាប្អូននិងក្មួយជីដូនមួយ បានរត់ចេញមកក្រៅ និងស្រែកហៅឲ្យគេជួយ តែមិនឃើញបងចេញមកក្រៅទេ ដោយនៅស្តាយម៉ូតូមួយគ្រឿងបម្រុងយកចេញ ខណៈនោះប្អូនមិនឃើញបងចេញមកក្រៅ ក៏រត់ចូលទៅជួយបង បន្ទាប់មកឃើញតែបងបានចេញមកក្រៅ តែមិនទាន់ឃើញបុរសដែលជាប្អូនចេញមកវិញឡើយ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍ផង និងបានស្រែករកបុរសជាប្អូនផងដែរ ដោយមិនសម្លេងតបមកវិញទេ ធ្វើឲ្យអ្នកជិតខាងផ្សេងទៀតដែលមានបំពង់ពន្លត់អគ្គិភ័យ បានយកទៅជួយពន្លត់ និងអ្នកខ្លះទៀតជួយដួសទឹក ពន្លត់ភ្លើងដែលកំពុងឆេះក្នុងបន្ទប់នោះ ម្នាក់មួយដៃម្នាក់មួយជើង ដោយមានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងចុះមកជួយអន្តរាគមន៍ដែរ ខណៈដែលមកដល់អគ្គីភ័យត្រូវបានរលត់ទៅវិញ ទើបសមត្ថកិច្ចនិងក្រុមពន្លត់អគ្គិភ័យបានចុះទៅពិនិត្យមើលជាក់ស្ដែងដល់ក្នុងបន្ទប់ ក៏ឃើញសពបុរសដែលជាប្អូនត្រូវបានភ្លើងឆាបឆេះខ្លោចស្លាប់នៅក្បែរម៉ូតូយ៉ាងអាណោចអាធ័មទៅហើយ ។ ចំណែកប្អូននឹងក្មួយជីដូនមួយ បានរងរបួសត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ។

    សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាចំពោះ ករណីខាងលើនេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានដឹកនាំកម្លាំងនគរបាលខណ្ឌសែនសុខ និងជំនាញ ដោយមានការចួលរួមពីលោក ម៉ូវ មានិត អភិបាលខណ្ឌសែនសុខ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ បានចុះមកកន្លែងកើតហេតុខាងលើ កំពុងតែធ្វើការស្រាវជ្រាវបន្ត និងធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

    ដោយក្តីអាណិតអាសូរជាពន់ពេក លោកអភិបាលខណ្ឌសែនសុខ ម៉ូវ មានិត បានចូលរួមបច្ច័យ ៣០០ដុល្លារ ដើម្បីចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ឯខេត្តកំពង់ចាម៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: