ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំអាងផ្លូវស្ងាត់បើកលឿន! រថយន្តបត់ឆ្លងផ្លូវ មិនប្រយ័ត្នត្រូវម៉ូតូជិះលឿនទៅបុកពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ នៅខណ្ឌសែនសុខ

    BY Khmernote Media November 24, 2020
    កុំអាងផ្លូវស្ងាត់បើកលឿន! រថយន្តបត់ឆ្លងផ្លូវ មិនប្រយ័ត្នត្រូវម៉ូតូជិះលឿនទៅបុកពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ នៅខណ្ឌសែនសុខ

    រាជធានីភ្នំពេញ៖ យប់ស្ងាត់សូមប្រុងប្រយ័ត្ន! បុរសបើករថយន្តព្រូសមួយគ្រឿង បត់ឆ្វេងឆ្លងផ្លូវ មិនប្រយ័ត្នស្រាប់តែត្រូវបុរសម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០២:៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវ១០០៧ កែងផ្លូវ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារ យើងដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស (TOYOYA PRIUS) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-8758 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៧ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃមកផ្លូវ១៩៦៦ ខណៈនោះក៏មានបុរសម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿង ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IL-8925 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំខាងមុខផ្នែកខាងឆ្វេងរថយន្តពេញទំហឹង បណ្ដាលឲ្យខ្ទាតម៉ូតូទៅផ្ទប់ក្បែររបងផ្ទះប្រជាពលរដ្ឋ ដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានអ្នកឃើញហេតុការណ៍ជួយហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង និងយករថយន្តនិងម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: