រថយន្តស៊េរីទំនើបFord Raptor បើកចូលបុរីយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តHyundai SantaFe ហើយក៏បន្ថែមល្បឿនទៅបុករង្វង់មូលដឺស្ដារ ផ្លាទីនីម ខូចខាតយ៉ាងដំណំ
រាជធានីភ្នំពេញ៖ រថយន្ត Ford Raptor ដ៏ទំនើប បើកចូលបុរី យ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត Hyundai SantaFe ខ្ទេចយ៉ាងដំណំ ហើយ Raptor មិនទាន់អស់ល្បឿន បន្តទៅបុកឡើងជាប់រង្វង់មូលដឺស្ដារ ផ្លាទីនីម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែមានការប្រកែកគ្នាយកត្រូវរៀងខ្លួន ផ្អើលក្រុមសន្តិសុខរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយនេះកើតឡើងកាលពីវេលាម៉ោង០០:២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចរង្វង់មូលមួយកន្លែង មុខក្លោងទ្វារចូលគម្រោង ដឺស្ដារផ្លាទីនីម ផ្លវបេតុង ក្នុងបរិវេណបុរីប៉េងហួត(បឹងស្នោ) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានបង្ហើបប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Ford Raptor ពណ៌ខ្មៅ (ពាក់ស្លាកលេខ “កម្ពុជា EWSRUN.7” ជាស្លាកលេខពិសេសផ្ទាល់ខ្លួន ដែលម្ចាស់រថយន្ត អ្នកដែលធូរធារ ឬស៊ីវិល័យ អាចបញ្ជាទិញដោយដាក់ឈ្មោះផ្ទាល់ខ្លួន ឬឈ្មោះពិសេសណាមួយ សម្រាប់សំគាល់អត្តសញ្ញាណខ្លួនឯង ហើយនៅពេលលក់រថយន្ត ឬប្តូរម្ចាស់កម្មសិទ្ធិ គឺអាចដកហូតស្លាកលេខនោះចេញ ដោយរក្សាទុកប្រើផ្ទាល់ខ្លួនអស់មួយជីវិត) បានបើកបោះពួយ ក្នុងល្បឿនលឿនដូចហោះ ទិសដៅពីជើងមកត្បូងចូលក្នុងបុរី លុះមកដល់ចំណុចកើតហេតុ គេមិនដឹងថា មានមូលហេតុអ្វីទេ ស្រាប់តែទៅបុកជាមួយរថយន្តមួយគ្រឿងទៀត ម៉ាក Hyundai SantaFe ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ (5637) បណ្ដាលឲ្យខ្ទាតអែបសួនពុះចែកផ្លូវ ចំណែកឯរថយន្ត Ford Raptor មិនទាន់អស់ល្បឿនឡើយ បានបន្តទៅបុកឡើងជាប់រង្វង់មូលដឺស្ដារ ផ្លាទីនីម បណ្ដាលឲ្យបាក់បែកខូចខាតយ៉ាងដំណំថែមទៀតផង តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ។ មួយសន្ទុះក្រោយមកក៏មានការភ្ញាក់ផ្អើលមួយទៀត គឺមានសាច់ញាតិ ក្រុមគ្រួសារ និងមិត្តភ័ក្ត ភាគីទាំងសងខាង បានមកដល់កន្លែងកើតហេតុ ជាបន្តបន្ទាប់ ដោយបានប្រកែកគ្នាយកត្រូវរៀងខ្លួន ផ្អើលក្រុមសន្តិសុខបុរីប៉េងហួត សម្របសម្រួល លែងបាន ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានខណ្ឌប៉ុស្តិ៍នគរបាលនិរោធ ចុះមកអន្តរាគមន៍ និងពិនិត្យមើលស្ថានភាពការខូចខាត គឺមិនអាចសម្របសម្រួលភ្លាមៗបានទេ ទើបរាយការណ៍ប្រាប់ជំនាញផ្នែកចរាចរណ៍ខណ្ឌ ចុះមកធ្វើកំណត់ហេតុផងដែរ។
បច្ចុប្បន្នក្រោយពេលកើតហេតុ រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា និងដោះស្រាយការខូចខាត ទ្រព្យសម្បត្តិសាធារណៈឯកជនរបស់បុរី វ៉ប៉េងហួត ទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕








ដោយ៖ បងម៉េង ខ្មែរណូត