ទីតាំងស្តុកនិងចែកចាយអាល់កុលមួយកន្លែង ត្រូវផ្អាកចរាចរជាបណ្តោះអាសន្ន ស្ថិតក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ដោយរង់ចាំលទ្ធផលវិភាគ ដែលបានបញ្ជូនមកពីមន្ទីរពិសោធន៍
ភ្នំពេញ ៖ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពីមន្ត្រីនៃនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានចុះត្រួតពិនិត្យទីតាំងស្តុក និងចែកចាយអាល់កុលមួយកន្លែងមានឈ្មោះ “សេងគា” ស្ថិតនៅផ្ទះលេខ ១៥២Eo ផ្លូវលេខ១០៧ ភូមិ៤ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២០នេះ ។

ក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញមានអាល់កុលច្រក ក្នុងប៊ីដុង៣០លីត្រ សរុបចំនួន៥០ប៊ីដុង ដែល៣៩ប៊ីដុង មានប្រភពពីសិប្បកម្មផលិតអាល់កុល ក្នុងស្រុកកោះធំ និង១១ប៊ីដុងទៀត មានប្រភពពីក្រុមហ៊ុន SKD ហើយនិងស្រាអង្ករចំនួន២០លីត្រ។ បន្ទាប់មក មន្រ្តីជំនាញបានសម្រេចបិទសៀលលើប៊ីដុងទាំងនោះ និងមិនអនុញ្ញាតឱ្យចរាចរលើទីផ្សារបណ្តោះអាសន្ន រង់ចាំលទ្ធផលវិភាគដែលបានបញ្ជូនមកពីមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ