ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ក្នុងខេត្តសៀមរាប ចំនួន ៥២៦ នាក់ គឺអវិជ្ជមានកូវីដ១៩ទាំងអស់

    BY Khmernote Media December 4, 2020
    ដំណឹងល្អ! អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ក្នុងខេត្តសៀមរាប ចំនួន ៥២៦ នាក់ គឺអវិជ្ជមានកូវីដ១៩ទាំងអស់

    ខេត្តសៀមរាប៖ សំណាកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងខេត្តសៀមរាប គិតមកទល់ថ្ងៃទី០២ ខែធ្នូនេះ គឺលទ្ធផលអវិជ្ជមានទាំងអស់ ប៉ុន្តែថ្ងៃទី០៤នេះ នៅរាជធានីភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន០៤នាក់បន្ថែមទៀត ធ្វើឲ្យចំនួនកើតឡើងដល់សរុប ២៣នាក់។ យោងតាមបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានសរសេរថា បន្ទាប់ពីបានយកសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក្នុងខេត្តសៀមរាប មកធ្វើតេស្ដចំនួន៣៦នាក់ នាថ្ងៃទី០២ ខែធ្នូ នេះ លទ្ធផលគឺអវិជ្ជមានទាំងអស់ ដូច្នេះក្នុងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងខេត្តសៀមរាប ចំនួន ៥២៦ នាក់ ដែលបានយកសំណាកមកធ្វើតេស្ដរកមេរោគកូវីដ១៩ ហើយលទ្ធផល គឺអវិជ្ជមានទាំងអស់ ប៉ុន្តែលោក ក្រុស សារ៉ាត់ ទទូចឲ្យមានការបន្តធ្វើច័ត្តាឡីស័ក ក្នុងរយៈពេល១៤ថ្ងៃ ឲ្យបានខ្ជាប់ខ្ជួន ត្រឹមត្រូវ និងហ្មត់ចត់ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ។

    ដោយឡែកនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ដោយបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន០៤នាក់ថែមទៀត នៅរាជធានីភ្នំពេញ ដែលជាអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្នុងនោះ ៖ ១. បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ , ២. ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ ជាភរិយាបុរសអាយុ ៣៩ឆ្នាំខាងលើ , ៣. កុមារាជនជាតិខ្មែរអាយុ ០៣ឆ្នាំ ត្រូវជាកូនប្រុស បុរសអាយុ ៣៩ឆ្នាំ និងស្ត្រីអាយុ៣២ឆ្នាំ ខាងលើ និង ៤៖ បុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដូច្នេះគិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ៩.៧៩៣នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី សរុបចំនួន ២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

    ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ចំនួន៩៦នាក់ បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ១.០២៧ នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០៤នាក់ ដែលជាអ្នកជំងឺខាងលើនេះ ដោយឡែកនៅសល់វត្ថុសំណាកចំនួន ៧៩សំណាកផ្សេងទៀត ដែលត្រូវ វិភាគបន្តនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ។ សូមជម្រាបថា គិតត្រឹមម៉ោង០៧ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៣៥នាក់ មានស្ត្រីចំនួន ៧៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣១នាក់ ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post: