ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីប្រតិកម្ម និងបកស្រាយ ចំពោះគណនីហ្វេសប៊ុកមួយបង្ហោះព័ត៌មានមិនពិត និងជេរប្រមាទសមត្ថកិច្ច

    BY Khmernote Media December 4, 2020
    ស្នងការរាជធានីប្រតិកម្ម និងបកស្រាយ ចំពោះគណនីហ្វេសប៊ុកមួយបង្ហោះព័ត៌មានមិនពិត និងជេរប្រមាទសមត្ថកិច្ច

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះគណនីហ្វេសបុកមួយឈ្មោះថា San San ដែលបានផុសថា “ផ្អាកថ្ងៃទី០១ ដល់ថ្ងៃ១៥ ផាកថ្ងៃ២ ? ឆ្កែសុទ្ធ !!!” ជាក់ស្តែងករណីនេះកើតឡើងតាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែអ្នកត្រូវបានពិន័យ ចូលមកបង់ការផាកពិន័យ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ ម្យ៉ាងវិញទៀតការចុះផ្សាយព័ត៌មានមិនពិត និងជេរប្រមាទមកលើសមត្ថកិច្ចរបស់ម្ចាស់គណនីហ្វេសបុកនេះ គឺមានលក្ខណៈមើលងាយមកលើមន្ត្រីអនុវត្តច្បាប់ និងក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច ក៏ដូចជាធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

    តាមពិតករណីនេះ គឺជាការចាប់ផាកពិន័យបុរសម្នាក់ដែលបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង តាំងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២២:០៣យប់ ដែលសមត្ថកិច្ចចម្រុះកំពុងតែអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅតាមបណ្តោយផ្លូវជាតិលេខ៤ សមត្ថកិច្ចក៏បានធ្វើការហៅអ្នកបើកបរម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ផ្លាកលេខ 1GL-4021 បន្ទាប់ពីផ្លុំត្រួតពិនិត្យរួច បង្ហាញជាលទ្ធផលថា អ្នកបើកបររូបនេះមានកម្រិតជាតិអាល់កុលរហូតដល់ ០.៥៨ ពេលនោះកម្លាំងចម្រុះក៏បានធ្វើ ការដកហូតម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល មិនឲ្យបន្តដំណើរទៅទៀត ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ។

    រហូតដល់វេលាម៉ោង ១១:០០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ទើបសាម៉ីខ្លួនឈ្មោះ ហ៊ាន ដែន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករ បានយកប្រាក់មកបង់ផាកពិន័យចំនួន១លានរៀល ហើយសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យគាត់យកម៉ូតូទៅវិញ ៕

    Share This Post: