រថយន្តធំដឹកផ្លែឈើមកពីវៀតណាម បើកលើស្ពានច្បារអំពៅ បែរជារអិលថយក្រោយបុកបង្កាន់ដៃស្ពានបាក់ខ្ទេច សំណាងល្អមិនធ្លាក់ទៅក្រោមស្ពាន
ខេត្តព្រៃវែង៖ រថយន្តធុនធំដឹកផ្លែឈើ បើកឡើងស្ពានច្បារអំពៅ ស្រាប់តែឡើងមិនរួច ក៏រអិលថយក្រោយវិញ ទៅបុកបង្កាន់ដៃដែក បាក់អស់៣ប្រឡោះ គល់ជាប់រថយន្តទៅមុខមិនរួចថយក្រោយមិនរួច ចាត់ទុកថាសំណាងល្អ ដែលមិនធ្លាក់ចុះចំណោត។ ហេតុការណ៍នេះកើតឡើងប្រហែលម៉ោង៤ ទាបភ្លឺ ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស (ហៅស្ពានច្បារអំពៅ) ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ខ្មែរណូរដឹងថា នៅមុនពេលកើតហេតុ គេឃើញមានដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-7541 ដឹកផ្លែឈើ ពេញលើរថយន្ត បើកបរដោយបុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ និងពូ២នាក់ទៀត ដោយធ្វើដំណើរពីវៀតណាម យកទៅដាក់នៅផ្សារនាគមាស ខណៈពេលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុ ខណៈពេលកំពុងបន្ថែមល្បឿនបើកឡើងស្ពាន ស្រាប់តែឡើងមិនរួច ក៏រអិលថយក្រោយវិញ ទៅបុកបង្កាន់ដៃដែក បាក់អស់៣ប្រឡោះ គល់ជាប់រថយន្តទៅមុខមិនរួចថយក្រោយមិនរួច មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ។
ប្រភពបានបញ្ជាក់ថា ចាត់ទុកជាសំណាងណាស់ ដែលរថយន្តរអិលថយក្រោយបុកបង្កាន់ដៃ (ដែក)ស្ពាន ហើយកល់ទប់រថយន្ត ដឹកផ្លែឈើធុនធំនេះបានបើសិនជាមិនមានអ្វីកល់កង់ទេ គឺធ្លាក់រថយន្តចុះទៅក្រោមស្ពានគឺច្បាស់ជាខ្ទេចគ្មានសល់ទេ ម្យ៉ាងបើរថយន្តនេះ ក្រឡាប់នៅលើស្ពានវិញ ច្បាស់ជាចំណាយពេលរាប់ម៉ោងមិនខានមិនងាយ យកចេញរួចទេព្រោះរថយន្តនេះធំ ហើយដឹកផ្លែឈើពេញលើរថយន្តផងដែរ។
បច្ចុប្បន្នរថយន្តបង្ក កំពុងត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរងចាំដោះស្រាយ សងការខូចខាត ទ្រព្យសម្បត្តិ សាធារណៈ របស់រដ្ឋទៅតាមផ្លូវច្បាប់ ៕





ដោយ៖ បងម៉េង ខ្មែរណូត