wow! បែកធ្លាយតម្លៃច្រៀងរបស់ តន់ ចន្ទសីម៉ា ច្រៀង១ លើកថ្លៃ ២ម៉ឺនដុល្លារ ថ្លៃជាងគេនៅកម្ពុជា
- BY
- Liny Chan
- December 5, 2020
ប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា តារាចម្រៀង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ត្រូវបានក្រុមហ៊ុនដាក់តម្លៃខ្លួនខ្ពស់ ដែលអាចនិយាយបានថា ថ្លៃជាងគេក្នុងចំណោមតារាចម្រៀងល្បីៗទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែកម្មវិធីតូចៗនាង ស៊ីថ្លៃដល់ទៅ ២ម៉ឺនដុល្លារ ចំណែកការប្រគុំតន្រ្តីធំៗនាងស៊ីថ្លៃ ៥ពាន់ដុល្លារឯណោះក្នុងមួយកម្មវិធី។

បងប្អូនប្រាកដជាជ្រាបហើយថា តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែឈរនៅលំដាប់កំពូលនៅក្នុងឆ្នាំ២០២០នេះ ដោយបទចម្រៀងរបស់នាងមានអ្នកទស្សនារហូតជាង ៤០០លានដងដែលចំនួននេះមិនទាន់មានតារាចម្រៀងរូបណា អាចយកឈ្នះនាងបានទេ។ ថ្វីត្បិតតែនាងនៅក្មេងខ្ចី ប៉ុន្តែការច្រៀង តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ អាចច្រៀងបានគ្រប់ទម្រង់ និងច្រើនភាសា។
តាមប្រភពច្បាស់ការខាងលើ បានទម្លាយឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បានទាក់ទងមកខាងផលិតកម្ម ក្នុងនោះមានតែក្រុមហ៊ុនធំៗមួយចំនួនប៉ុណ្ណោះ ដែលហ៊ានជួលតារាចម្រៀងរូបនេះក្នុងតម្លៃខាងលើ។ មួយវិញទៀតទស្សនិកជនប្រហែលជាឆ្ងល់ហើយថា កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងល្បី ហេតុអ្វីបានជាមិនដែលសូវឃើញច្រៀងតាមការប្រគំតន្ត្រីផ្សាយលើកញ្ចក់ទូរទស្សន៍ មូលហេតុតែមួយគត់ដោយសារតែតម្លៃខ្លួននាងថ្លៃ ដូចនេះតាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួន មិនអាចមានលទ្ធភាពជួលនាងឡើងច្រៀងបានឡើយ។

លោក យឹម តាស្រង់ អ្នកគ្រប់គ្រង ផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា តម្លៃខ្លួននៃការច្រៀងរបស់ កញ្ញា តន់ ចន្ទសីម៉ា ក្រុមហ៊ុនពិតជាបានកំណត់ដូចបានលើកឡើងខាងលើពិតមែន ។ អ្នកគ្រប់គ្រងផលិតកម្មល្បីឈ្មោះរូបនេះបានបន្តឲ្យដឹងថា ការការកំណត់តម្លៃនេះ គឺស័ក្ដិសមនឹងប្រជាប្រិយភាពរបស់នាងនាពេលបច្ចុប្បន្ននេះ។
លោក យឹម តាស្រង់ បានបន្តឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនបានទាក់ទងនាងទៅច្រៀង ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុណ្ណោះ ដែលហ៊ានជួលនាងច្រៀង។ ក្រៅពីមានទីផ្សារខ្ពស់ជាងតារាចម្រៀងផ្សេងទៀត បច្ចុប្បន្នកញ្ញា តន់ ចន្ទសីម៉ា បានក្លាយជា brand ambassador របស់ក្រុមហ៊ុនធំៗចំនួន ២នាពេលខាងមុខនេះ ហើយនៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ តន់ ចន្ទសីម៉ា នឹងត្រូវចូលច្រៀងក្នុងកម្មវិធីឆ្លងឆ្នាំឲ្យក្រុមហ៊ុនធំមួយផងដែរ ៕

- Share This Post:






