ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចិនបើករថយន្ត បុកម៉ូតូរបួសធ្ងន់ម្នាក់ លុះសាច់ញាតិជនរងគ្រោះជិះឡានមកមើល ស្រាប់តែជនឆ្លៀតឱកាសបើកទ្វារ បម្រុងលួចសម្ភារ: តែម្ចាស់ឡានឃើញទាន់ក្របួចជាប់

    BY Khmernote Media December 6, 2020
    ចិនបើករថយន្ត បុកម៉ូតូរបួសធ្ងន់ម្នាក់ លុះសាច់ញាតិជនរងគ្រោះជិះឡានមកមើល ស្រាប់តែជនឆ្លៀតឱកាសបើកទ្វារ បម្រុងលួចសម្ភារ: តែម្ចាស់ឡានឃើញទាន់ក្របួចជាប់

    ភ្នំពេញ ៖ បុរសម្នាក់បោកក្បាលនឹងថ្នល់ រងរបួសដេកស្ដូកស្ដឹងក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូ PCX ក្នុងល្បឿនលឿន ឆ្លងកាត់ផ្លូវបំបែកជាបួន ត្រូវជនជាតិចិនបើករថយន្ត NISSAN NAVARRA បើកទៅបុកខ្ទាតប្លោងបោកផ្ទប់នឹងថ្នល់ អូសជាច្រើនម៉ែត្រ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចខាងលិចក្រសួងដែនដី ៥០ម៉ែត្រ ផ្លូវបំបែកជាបួន លើផ្លូវ៩៩ កែងផ្លូវ៤៣៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ខ្មែរណូតដឹងថា មុនពេលកើតហេតុនោះ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GO-3168 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៩៩ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនមធ្យម ខណៈបើកឆ្លងកាត់ផ្លូវបំបែកជាបួន កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក NISSAN NAVARRA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-1262 បើកបរដោយជនជាតិចិនមួយក្រុមមានគ្នា៤នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣៤៦ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន និងបំពានស្លាកសញ្ញាចរាចរណ៍“ឈប់” ក៏ជ្រុលទៅបុកម៉ូតូPCX ពេញទំហឹង បណ្ដាលឲ្យម៉ូតូខ្ទាតប្រហែល១០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ ចំណែកឯម្ចាស់ម៉ូតូខ្ទាតបោកក្បាលនឹងថ្នល់ រងរបួសធ្ងន់ដេកស្ដូកស្ដឹងក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលឡើងដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍បឹងត្របែក ចុះមកកន្លែងកើតហេតុធ្វើការឃាត់បានអ្នកបើកបរដែលជាជនជាតិចិនផងដែរ ចំណែកឯម្ចាស់ម៉ូតូ ត្រូវបានសមត្ថកិច្ចទាក់ទងរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យព្យាបាល សុងការណ៍ មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ ។ បន្សល់ទុកតែសម្ភារៈម្ចាស់ម៉ូតូ មានទូរស័ព្ទនិងសម្ភារៈមួយចំនួនទៀត ទុកអោយសមត្ថកិច្ចស្រាវជ្រាវរកលេខទូរស័ព្ទប្រពន្ធ និងបានទាក់ទងទៅប្រាប់ឲ្យដឹងពីដំណឹងនេះ ដើម្បីប្រគល់សម្ភារៈរក្សាទុកវិញផងដែរ។

    មួយសន្ទុះក្រោយមក ស្រាប់តែឃើញរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង បើកបរដោយបុរសម្នាក់ ត្រូវជាក្មួយម្ចាស់ម៉ូតូ ដឹកស្ត្រីម្នាក់ដែលជាប្រពន្ធម្ចាស់ម៉ូតូ មកដល់កន្លែងកើតហេតុ គ្រាន់តែចុះពីលើរថយន្តភ្លាម បានដើរមករកប្ដីរបស់ខ្លួន គ្រាន់តែឃើញឈាម ស្ត្រីជាប្រពន្ធក៏ទន់ដៃទន់ជើង ណែនទ្រូង ចង់ស្ទះដង្ហើម បេះដូងលោតញាប់ ឡើងស្លុតចង់សន្លប់តែម្ដង ត្រូវបានសមត្ថកិច្ចនិងអ្នកនៅកន្លែងកើតហេតុ ជួយគ្រាស្ត្រីម្នាក់នោះ មកអង្គុយក្រោមដើមឈើសិន ដើម្បីឲ្យបន្ធូរអារម្មណ៍កុំអោយតក់ស្លុតពេក ព្រោះប្ដីរបស់គាត់ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យដើម្បីសង្គ្រោះហើយ ។

    ប្រភពប្រាប់ខ្មែរណូតបន្តថា អំឡុងពេលកំពុងជួយគ្រាស្ត្រីជាប្រពន្ធម្ចាស់ម៉ូតូនោះ បុរសម្នាក់ដែលជាក្មួយម្ចាស់ម៉ូតូ ដែលបើករថយន្តដឹកប្រពន្ធម្ចាស់ម៉ូតូមកនោះ ក្រឡេកមើលឃើញមានមនុស្សបើកទ្វារចូលលួចសម្ភារៈក្នុងរថយន្តរបស់ខ្លួន ម៉ាកសាំយ៉ុង ពាក់ស្លាកលេខកំពង់ឆ្នាំង 2A-1135 ដែលចតអែបចិញ្ចើមផ្លូវ ប្រហែល៤០ម៉ែត្រ ទើបក៏បុរសម្នាក់នោះរត់សំដៅទៅរថយន្តរបស់ខ្លួន ស្រែកឆោឡោ “ចោរៗ” ហើយអ្នកនៅកន្លែងកើតហេតុ ក៏ឃាត់បានបុរសអនាថាម្នាក់ដែលទើបដើរចេញពីរថយន្តនោះផងដែរ ចំណែកឯម៉ាស៊ីនផ្សារដែក ដែលដាក់នៅក្នុងរថយន្តផ្នែកខាងក្រោយ ត្រូវជនអនាថានោះ បើកទ្វារខាងក្រោយ លួចយកមកដាក់ក្រោយរថយន្ត បំណងយករត់គេចខ្លួន តែម៉ាស៊ីនផ្សារជាប់ខ្សែភ្លើងរញ៉េរញ៉ៃពេក ទើបលួចមិនទាន់បាន ហើយក៏ម្ចាស់រថយន្តដឹងទៀតក៏រត់មកស្រែកឆោឡោនិងឃាត់បានតែម្ដង ។ ហើយសមត្ថកិច្ចក៏ឃាត់ខ្លួននាំទៅស្នាក់ការប៉ុស្តិ៍ដើម្បីអប់រំណែនាំកុំអោយប្រព្រឹត្តិអំពើបែបនេះតទៅទៀត ហើយដោយសារតែពុំមានបាត់បង់ទ្រព្យសម្បត្តិអ្វី បើម្ចាស់រថយន្តមិនចង់ចំណាយពេល ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទេ ព្រោះត្រូវនាំមីងទៅមើលប្ដីរបស់គាត់ដែលជាម្ចាស់ម៉ូតូដែលកំពុងសង្គ្រោះនៅឯមន្ទីរពេទ្យទៀត ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ៕ បងម៉េង

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: