លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា អ្នកកុម្ម៉ង់ប៊ឺហ្គ័រពីហាង Carl’s Jr សាខាទួលទំពួង តាមរយ:សេវាកម្មដឹកជញ្ជូន ចន្លោះថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ក៏ត្រូវធ្វេីចត្តាឡីស័ក និងតាមដានសុខភាពដែរ
នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ ដែលជាបុគ្គលិកហាងលក់អាហារ Carl’s Jr Burger សាខាទួលទំពួង។ ជុំវិញការរកឃើញវិជ្ជមានកូវីដ១៩ នៅហាងលក់អាហារនេះ ក៏មានបងប្អូនអ្នកសារព័ត៌មានបានសួរទៅកាន់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធតេឡេក្រាមដែរថា “ជម្រាបសួរលោកជំទាវ មានអ្នកកុម្ម៉ង់ប៊ឺហ្គ័រពីហាងខាងតាមរយ:សេវាកម្មដឹកជញ្ជូន តើអាហាររបស់គាត់ទទួលអាចមានហានិភ័យឬទេ? ចុះចំពោះបុគ្គលិកដឹកជញ្ជូននោះ?”

ជុំវិញការសាកសួរនេះ លោកជំទាវបានឲ្យដឹងថា “គឺដូចខ្ញុំបានជម្រាបអញ្ចឹងសុំធ្វេីចត្តាឡីស័ក ហេីយតាមដានសុខភាព” ដោយលោកជំទាវធ្លាប់បញ្ជាក់ថា “បេីគិតតាមបច្ចេកទេស គឺអ្នកដែលបានប៉ះពាល់គាត់ផ្ទាល់និងប្រយោល ក្នុងប្រហែលពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។ ដូច្នេះ សុំលោកអ្នក ធ្វេីចត្តាឡីស័កនៅផ្ទះឲ្យបានត្រឹមត្រូវជាទីបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាក ដាច់ខាតកុំចេញដេីររហេតរហូតឲ្យសោះ ហេីយតាមដានសុខភាពផ្ទាល់ខ្លួន ប្រសិនបេីមានអាការ:ប្រែប្រួល សុំហៅទៅលេខ១១៥ ។ ជូនពរលោកអ្នកឲ្យចៀសផុតពីវីរុសចង្រៃនេះគ្រប់ៗគ្នា។ អរគុណ”៕
