ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការដាក់ប្រទេសក្នុងគ្រាអាសន្នទាំងមូលឬផ្នែកណាមួយឡើយ

    BY Khmernote Media December 7, 2020
    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការដាក់ប្រទេសក្នុងគ្រាអាសន្នទាំងមូលឬផ្នែកណាមួយឡើយ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនៅលើហ្វេសប៊ុក កាលពីរាត្រី ថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២០ថា ព្រឹកមិញ សម្តេចបាននិយាយដល់ការត្រៀមបម្រុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា សម្តេចក៏បានបញ្ជាក់ថា” ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជន ដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជនដើម្បីប្រយុទ្ធប្រឆាំង ជាមួយកូវីដ-១៩ជំនួសវិញ“។

    សម្តេចបន្តថា ពេញមួយថ្ងៃនេះ ការបំផ្លើសនានាបានកើតឡើងថា នឹងមានការបិទប្រទេស ឫ បិទរាជធានីភ្នំពេញ ក្នុងពេល ប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈសម្តេចជា ប្រមុខនៃរាជរដ្ឋាភិបាល សម្តេចសូមបញ្ជាក់ជូនថា នឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬ មួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជាឱ្យបិទរាជធានីភ្នំពេញ ដូចការឃោសនាភូតកុហករបស់ ជនអាក្រក់នោះដែរ។ សម្តេចសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជាមួយកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

    Share This Post: