រយៈពេលតែ១យប់ សប្បុរសជនបានបរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចែកជូនប្រជាពលរដ្ឋ ទទួលបានជាង១៤លានដុល្លារ
កាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើទំព័រ Facebook ផ្លូវការថា សម្តេចបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូង ដែលបញ្ជាទិញចំនួន១លានដូស ដែលក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ វ៉ាក់សាំង១លានដូសនោះចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ហើយកម្ពុជាយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។

ក្រោយពេលសម្តេចតេជោ ហ៊ុន សែន ប្រកាសត្រៀមបំរុងថវិកា ដើម្បីទិញវ៉ាក់សាំងបែបនេះ យើងឃើញមានសប្បុរសជនជាច្រើន មានទាំងអ្នកឧកញ៉ា និងឧកញ៉ាជាច្រើនរូបបាននាំគ្នាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនសម្តេចតេជោ ដើម្បីយកទៅទិញវ៉ាក់សាំង ដោយក្នុងរយៈពេលតែ១យប់ថវិកាដែលបានបរិច្ចាគទទួលបានជាង១៤លានដុល្លារសហរដ្ឋអាមេរិកមានដូចជា៖
+ អ្នកឧកញ៉ា ហុង ពីវ ប្រកាសបរិច្ចាគថវិកា ៣លានដុល្លារ
+ អ្នកឧកញ៉ា គិត ម៉េង ប្រកាសបរិច្ចាគថវិកា ៣លានដុល្លារ
+ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បរិច្ចាគថវិកា ៣លានដុល្លារ
+ ក្រុមហ៊ុន ជីបម៉ុងគ្រុប ប្រកាសបរិច្ចាគចំនួន ៣លានដុល្លារ
+ ឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ និងសប្បុរសជនជាច្រើនទៀត

