អាសូរណាស់! កូនប្រុសស្រែកយំ ហៅឪពុកឲ្យដឹងខ្លួនឡើងវិញ ក្រោយឪពុកបើកកង់៣គេចឡាន ធ្លាក់ចូលជង្ហុកក្រឡាប់អូសជាច្រើនម៉ែត្រ បណ្តាលឲ្យបាត់បង់ជីវិត
រាជធានីភ្នំពេញ ៖ សម្លេងស្រែកទ្រហោយំ ដង្ហើយហៅឪពុក មនុស្សជាទីស្រឡាញ់ឲ្យភ្ញាក់ដឹងខ្លួនឡើងវិញ ក្រោយបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត ខណ:បុរសម្នាក់បើកម៉ូតូកងបីឥណ្ឌាគេចពីរថយន្តដែលបើកវ៉ាជែងក្នុងល្បឿនលឿន ក៏ជ្រុលចូលជង្ហុកធំបណ្ដាលឲ្យក្រឡាប់អូសជាច្រើនម៉ែត្រ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងជាង០៩យប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចជិតផ្សារព្រែកឯង ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ស៊ុន ពិឈីង ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរអ្នករត់កង់បីឥណ្ឌា សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA ស្នាក់នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ។ ការស្លាប់របស់ជនរងគ្រោះបានបន្សល់ទុកកូនប្រុសម្នាក់ដែលកំព្រាម្ដាយ(លែងលះគ្នា) ឈ្មោះ ស៊ុន ដារិទ្ធ អាយុ១៣ឆ្នាំ ស្នាក់នៅជាមួយឪពុក ជាសិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សាសាគូរ៉ា ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា មុនកើតហេតុ គាត់បានឃើញបុរសរងគ្រោះ បើកកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HV – 9755 (បិទស្លាកសម្គាល់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA) បានធ្វើដំណើរតាមផ្លូវជាតិលេខ១ ទិសដៅពីកៀនស្វាយ ចូលមករាជធានីភ្នំពេញ ពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បើកវ៉ាជែងរថយន្តផ្សេងទៀត ចូលមកគន្លងខាងកង់បី ទិសដៅបញ្ច្រាសគ្នាពីលិចមកកើតវិញ ទើបធ្វើឲ្យបុរសរងគ្រោះគេចពីរថយន្តនោះ ក៏ជ្រុលធ្លាក់ចូលជង្ហុក ផ្លោងក្រឡាប់អូសនឹងថ្នល់ជាច្រើនម៉ែត្របណ្ដាលឲ្យផ្លោងចេញមកខាងក្រៅបាក់កស្លាប់ភ្លាមៗគួរឲ្យអាសូរ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ចំណុចនោះ ចុះមកចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ ចុះមកជួយសម្រួលចរាចរណ៍ និងពិនិត្យមើលខ្លួនសព ឃើញមានទូរស័ព្ទក៏ស្រាវជ្រាវរកលេខទូរស័ព្ទ ទាក់ទងប្រាប់សាច់ញាតិអោយបានដឹងដំណឹងនេះផងដែរ ។
មួយសន្ទុះក្រោយមកសាច់ញាតិក្រុមគ្រួសារ និងកូនប្រុសរបស់ជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំ នឹកស្រណោះដូចជាស្រស់ៗពេក មិនគួរណាជួបរឿងអកុសលបែបនេះសោះឡើយ កូនប្រុសជនរងគ្រោះស្រែកដង្ហើយហៅឪពុកថា ប៉ាអើយ ប៉ាស្លាប់ចោលខ្ញុំបាត់ទៅ បានអ្នកណាចិញ្ជឹមខ្ញុំទៀត… ? ធ្វើឲ្យគ្រប់គ្នាដែលនៅកន្លែងកើតហេតុនោះក្ដុកក្ដួលយ៉ាងខ្លាំង និងបានត្រឹមផ្ដល់ជាថវិការបន្តិចបន្តួច សម្រាប់ចាត់ចែងប្រើប្រាស់តាមតម្រូវការប៉ុណ្ណោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍ខណ្ឌច្បារអំពៅ ចុះទៅពិនិត្យស្លាកស្នាម រួចធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកកង់បីឥណ្ឌារបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចហៅរថយន្តមកស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរងចាំប្រគល់អោយសាច់ញាតិវិញនៅពេលក្រោយ ៕

ដោយ៖ បងម៉េង ខ្មែរណូត