ក្រុមចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនបានម្នាក់ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់មិនបានសម្រេច
ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ធ្លាប់ធ្វើសកម្មភាពឆក់ជាញឹកញាប់នៅក្នុងរាជធានីភ្នំពេញ ត្រវបានកម្លាំងនគរបាលប៉ុស្តិ៍បែកក្អម សហការជាកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបានភ្លាមៗក្រោយពីបានជិះម៉ូតូចំនួន២គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់មិនបានសម្រេច កាលពីវេលាម៉ោង០៨និង ៣០នាទីយប់ថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្បែរសាំងតេលា ផ្លូវបេតុងកែងនឹងផ្លូវ២០០៤ខាងលិចស្តុប ណូគា ប្រមាណ១០០ម៉ែត្រក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះម៉ែនចាន់ វីរ: ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅម្ដុំសាលារៀនម៉ាយីកូ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនសង្ស័យចំនួន៤ នាក់ជិះម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកឌ្រីមសង់និងមួយគ្រឿងទៀតម៉ាក ហុងដាប៊ីត បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីមិនចាំស្លាកលេខ មិនបានសម្រេច ខណៈនោះជនរងគ្រោះបានជិះម៉ូតូដេញនិងស្រែកចោរៗលុះមកដល់ចំណុចកើតហេតុខាងលើក៏ប្រទះនឹងកម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម កំពុងល្បាតបាននាំគ្នាជិះដេញបំបុកម៉ូតូជនសង្ស័យមួយគ្រឿងបណ្ដាលឲ្យដួល បន្ទាប់មកកម្លាំងនគរបាលក៏បានចាប់បានជនសង្ស័យម្នាក់នៅអង្គុយខាងក្រោយបានភ្លាមៗ។ ចំណែកបក្ខពួក៣នាក់ទៀតនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។ចំណែកជនរងគ្រោះបានជិះបន្តដំណើរទៅមុខបាត់ដោយមិនបានមកដាក់ពាក្យបណ្ដឹងនោះទេ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាបក្ខពួកខ្លួនជាច្រើននាក់ បានធ្វើសកម្មភាពឆក់ជាញឹកញាប់នៅក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមរួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត។ ចំណែកបក្ខពួកជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត