រថយន្ដ Lamborghini SC20: រថយន្ដបើកដំបូលដ៏ពិសេសរបស់ Squadra Corse
• ម៉ូដែលបើកដំបូលដ៏ពិសេសជាមួយនឹងម៉ាស៊ីន V12 របស់ Lamborghini Squadra Corse
• ដងខ្លួនសរសៃកាបូនបង្ហាញអំពីលក្ខណៈឌីណាមិចខ្យល់សម្រាប់ការប្រណាំង។
• ម៉ូតថ្មីដោយ Lamborghini Centro Stile
Sant’Agata Bolognese ថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2020 – Lamborghini Squadra Corse ផ្ដល់ជូននូវ SC20 ដែលជាគំរូរថយន្ដបើកដំបូលពិសេសដែលទទួលបានការអនុញ្ញាសម្រាប់ការបើកបរលើផ្លូវថ្នល់។ SC20 គឺជាម៉ូដែលទីពីរដែលរៀបចំវិស្វកម្មដោយផ្នែករថយន្ដស្ព័រ និងរចនាម៉ូតដោយ Centro Stile នៅ Sant’Agata Bolognese: រថយន្ដនេះត្រូវបានផលិតឡើងតម្រូវទៅតាមបំណងរបស់អតិថិជនដែលបានចូលរួមនៅក្នុងគម្រោងតាំងពីដំណាក់កាលរៀបចំគូសម៉ូតដំបូងបំផុតដោយអ្នករៀបចំរចនាម៉ូតរបស់ Lamborghini។

គោលដៅជារួមគឺផលិតនូវរថយន្ដដ៏ពិសេសគ្មានពីរដែលមានភាពឥតខ្ចោះខ្លាំងទាំងម៉ូត និងសមត្ថភាព ព្រមទាំងអាចរួមផ្សំនូវដំណោះស្រាយឌីណាមិចខ្យល់ទាំងអស់របស់រថយន្ដ Lamborghinis ប្រភេទប្រណាំងប្រកបដោយភាពល្អិតល្អន់គ្រប់យ៉ាង។ “ពីរឆ្នាំបន្ទាប់ពី SC18 Alston SC20 គឺជាកិច្ចការដ៏លំបាកថ្មីដែលត្រូវជំនះ។ Mitja Borkert ប្រធានផ្នែករចនាម៉ូតរបស់ Lamborghini Centro Stile បានលើកឡើងថា ប្រភពនៃកម្លាំងជំរុញចម្បងគឺ Diablo VT Roadster, Aventador J, Veneno Roadster និង Concept S, ហើយលទ្ធផលដែលទទួលបានគឺជាបន្សំនៃគំនិតច្នៃប្រឌិត និងសមត្ថភាពប្រណាំង។”

ដងខ្លួនសរសៃកាបូនត្រូវបានប៉ូលា និងដុសខាត់ដោយដៃផ្ទាល់ដោយក្រុមវិស្វករឌីណាមិចខ្យល់របស់ Lamborghini ដើម្បីផ្ដល់នូវលំហូរខ្យល់ដ៏ល្អបំផុតសម្រាប់ទាំងសមត្ថភាព និងអ្នកបើកបរ ដោយធានាបាននូវការបើកបរប្រកបដោយផាសុកភាពទោះក្នុងល្បឿនលឿនយ៉ាងណាក៏ដោយ។ កាងមុខដ៏សមសួនមានព្រុយពីរ ហើយបំពង់អ៊ែរនៅលើគម្របមុខគឺត្រូវបានយកលំនាំតាម Huracán GT3 EVO ក្នុងខណៈដែលផ្នែកចំហៀងរបស់ដងខ្លួនបង្ហាញអំពីដំណោះស្រាយដែលប្រើប្រាស់ដោយ Essenza SCV12។ ផ្នែកខាងក្រោយដ៏រឹងមាំត្រូវបានបំពាក់ដោយស្លាបសរសៃកាបូនដ៏ធំដែលអាចកំណត់យកទីតាំងបីផ្សេងៗគ្នា: ទាប មធ្យម និងខ្ពស់។

លក្ខណៈពិសេសផ្តាច់មុខរបស់ SC20 មានចាប់ពីពណ៌ដងខ្លួនដែលមានបាត Bianco Fu (ពណ៌ស) ដែលបានបង្កើតឡើងសម្រាប់អតិថិជន ហើយនៅពីលើនោះគឺ Blu Cepheus (ពណ៌ខៀវ)។ លក្ខណៈស្រមោលដូចគ្នានេះក៏មាននៅផ្នែកខាងក្នុងផងដែរ ដោយឆ្លាស់គ្នាជាមួយនឹង Nero Cosmus (ពណ៌ខ្មៅ) និង Bianco Leda (ពណ៌ស)។ ធាតុសំខាន់បំផុតរបស់ផ្នែកអ្នកជិះគឺជាសរសៃកាបូនមើលឃើញដែលប្រើសម្រាប់គម្របតាប្លូកុងទ័រ ជញ្ជាំងក្រោយ ជញ្ញាំងទ្វារ កុងសូលកណ្ដាល និងរឹមចង្កូត ជាការបន្ថែមលើម៉ូណូកូក។ សរសៃកាបូនក៏ត្រូវបានប្រើសម្រាប់ឆ្អឹងកៅអីដែលស្រោបដោយ Alcantara និងស្បែកសត្វផងដែរ។ ផ្ទុយទៅវិញ ដៃទ្វារត្រូវបានផលិតចេញពីអាលុយមីញ៉ូមរឹង។ ជាចុងក្រោយ បំពង់ខ្យល់ត្រូវបានផលិតឡើងដោយប្រើបច្ចេកវិទ្យាព្រីន 3D នៅរោងចក្រ Sant’Agata Bolognese។

Maurizio Reggiani ប្រធានផ្នែកបច្ចេកទេសរបស់ Automobili Lamborghini បានលើកឡើងថា “SC20 គឺជាបន្សំនៃវិស្វកម្មដ៏ទំនើប ហត្ថកោសល្យអ៊ីតាលី សមត្ថភាពរថយន្ដស្ព័រ និងម៉ូតរចនាកម្រិតខ្ពស់មួយ។ វាក៏ជាគំរូនៃការប្រើប្រាស់ម៉ាស៊ីន V12 និងសរសៃកាបូនរបស់យើងខ្ញុំសម្រាប់រថយន្ដបើកដំបូលប្រណិតដែលមាន DNA របស់ Lamborghini ផងដែរ។”

ម៉ាស៊ីនរបស់ថយន្ដនេះគឺផ្អែកទៅលើបច្ចេកវិទ្យា V12 ដ៏អស្ចារ្យរបស់ Lamborghini: ស៊ីឡាំង 6,498 cm3 ដប់ពីរ ផ្ដល់ 770 CV នៅ 8,500 rpm និងបង្កើតបានកម្លាំងបង្វិល 720 Nm នៅ 6,750 rpm។ រថយន្ដនេះត្រូវបានគ្រប់គ្រងតាមរយៈប្រអប់លេខ Independent Shifting Rod (ISR) ប្រាំពីរល្បឿនដ៏ទំនើប។ ថាមពលត្រូវបានបញ្ជូនទៅផ្ទៃផ្លូវដោយប្រព័ន្ធបើកបរកង់បួនជាមួយនឹងឌីផេរ៉ង់ស្យែលមេអេឡិចត្រូនិក ហើយសំបកកង់ Pirelli PZero Corsa ត្រូវបានបំពាក់នៅលើយ៉ាន់អាលុយមីញ៉ូមប៊ូឡុងមួយ ទំហំ 20 អ៊ិញសម្រាប់កង់មុខ និងទំហំ 21 អ៊ិញសម្រាប់កង់ក្រោយ។

Giorgio Sanna ប្រធាន Lamborghini Motorsport បានលើកឡើងថា “SC20 គឺជាការអនុវត្តបច្ចេកទេស និងម៉ូតរចនា មួយទៀតដែលភ្ជាប់បទពិសោធន៍ Squadra Corsa ជាមួយនឹងម៉ូតរចនារបស់ Lamborghini ដែលផលិតចេញជារូបរាងឡើងយ៉ាងប៉ិនប្រសប់ដោយ Centro Stile របស់យើងខ្ញុំ ផ្អែកទៅតាមបំណងរបស់អតិថិជន ដែលជាការផ្តោតចម្បងរបស់គម្រោងនៅក្នុងអំឡុងពេលដំណើរការអភិវឌ្ឍ និងផលិតរថយន្ដនេះទាំងមូល។”

រូបភាព និងវីដេអូ: media.lamborghini.com
ព័ត៌មានអំពី Automobili Lamborghini: www.lamborghini.com