រសជាតិអ្នកមាន សាច់រឿងថ្មីរបស់់ភីអិនអិនបង្កប់ទៅដោយរយពាន់បញ្ហាក្នុងសង្គមអភិជន
ជាចំណងដៃចុងឆ្នាំ ២០២០ សម្រាប់ទស្សនិកជនដែលតែងតែគាំទ្រខ្សែភាពយន្តភាគខ្មែរ ពីស្ថានីយ៍ទូរទស្សន៍ភីអិនអិន ក៏បានពាំនាំយកនូវរឿងភាគថ្មីមួយរឿងទៀតនោះ គឺរឿង រសជាតិអ្នកមាន។ ចំពោះការមកដល់នូវភាគយន្តខ្មែរនាចុងឆ្នាំនេះដែរ គឺមិនត្រឹមតែបង្ហាញពីឈុតឆាកស្នេហាតែមួយមុខនោះទេ អ្វីដែលជាសាច់រឿងធំនៅក្នុងរឿង គឺការឆ្លុះបញ្ចាំងពីតថភាពជីវិតពិតរបស់គ្រួសារអភិជនមួយចំនួន។

ជាការពិត ទ្រព្យសម្បត្តិ មិនមែនសុទ្ធតែអាចទិញសុភមង្គលបានទេ ។ ភាពមានបាន សោយសុខលើគំនរទ្រព្យសម្បត្តិច្រើនប៉ុនណា ក៏យើងមិនអាចវិនិច្ឆ័យបានថា គ្រួសារនោះ គឺពិតជាមានសេចក្តីសុខយ៉ាងពេញលេញបាននោះទេ។ ដូចពាក្យចាស់ពោលថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនាង។ យ៉ាងណាមិញ ដូចជាចំណងសាច់រឿងថ្មីរបស់ភីអិនអិននេះ គឺនឹងបង្ហាញទស្សនិកជនឲ្យដឹងថា រវាងជីវិតអ្នកក្រ និងអ្នកមាន តើមានភាពខុសគ្នាប៉ុនណា ហើយសេចក្តីសុខពិតប្រាកដគឺស្ថិតនៅលើអ្វី? មានមនុស្សចំនួន ដែលព្យាយាមតោងទាមស្រវារកអ្នកមានទ្រព្យ ដើម្បីធ្វើជាស្ពានឆ្លងទៅរកក្តីសុខ ប៉ុន្តែវាក៏មិនអាចប្រាកដថា អ្នកនឹងទទួលបានក្តីសុខសប្បាយផ្លូវកាយ ផ្លូវចិត្តបានទាំងស្រុងនោះទេ។ តួយ៉ាង ដូចជា តួអង្គ រាជ ដែលជានិស្សិតក្រីក្រម្នាក់ ហើយមានចិត្តស្រម៉ៃរកទីខ្ពស់ដោយសារតែការយកចិត្តយកថ្លើមក្បែរកូនស្រីអ្នកជំនួញមានទ្រព្យម្នាក់ ប៉ុន្តែចុងក្រោយគេនៅតែមិនអាចរស់នៅដោយសេចក្តីសុខក្នុងជីិវិតបានទៀត។ សុីថា ដែលជាមនុស្សស្រីធ្លាប់កម្សត់កម្រជាមួយនឹងរាជ នាងខំធ្វើការយប់ថ្ងៃ ដើម្បីរកប្រាក់មកចិញ្ចឹមរាជឲ្យបានរៀនសូត្រដល់ចប់ចុងចប់ដើម ប៉ុន្តលទ្ធផលចុងក្រោយដែលនាងទទួលបាន គឺបានត្រឹមតែទឹកភ្នែក ការឈឺចាប់ និងបាត់បង់ជីវិតទៅវិញ។ រាជ បានសាងកំហុសជាច្រើន ក៏ព្រោះតែភាពលោភលន់ខ្លួន ចង់រស់នៅក្នុងសង្គមអភិជន ភ្លេចគិតពីអ្នកដែលខំជួយទំនុកបំរុងខ្លួនឲ្យបានខ្ពស់។ មានបញ្ហាជាច្រើន ដែលកើតឡើងចំពោះរាជ នៅពេលដែលរូបគេបានចុះប្រឡូកនៅក្នុងសង្គមអភិជន ក៏ដោយសារតែភាពហុឺហា មានបាន សម្ភារៈនិយមទាំងអស់ដែលរាជមាន គឺវាមិនបានកើតចេញពីការខំប្រឹងប្រែងរបស់ខ្លួននោះទេ។

ជីវិតដែលមានបាន សោយសុខលើទ្រព្យសម្បត្តិដ៏ច្រើន ជាក្តីស្រមៃរបស់រាជ ប៉ុន្តែហេតុអ្វី រាជនៅតែមិនរីករាយក្នុងការរស់នៅជាមួយនឹងទ្រព្យទាំងអស់នោះទៀត? ដើម្បីចង់ដឹងថា តើជីវិតអភិជនរបស់រាជ នឹងជួបរឿងអ្វីខ្លះ សូមរង់ចាំទស្សនានៅក្នុងរឿង រសជាតិអ្នកមាន ដែលមានផ្សាយជូនទស្សនាចាប់ពីថ្ងៃ ចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕












សូមទស្សនាវីដេអូខាងក្រោម៖