កប់! ស្មាតហ្វូននេះមានកាមេរ៉ាក្រោយដល់ទៅ 9គ្រាប់ឯណោះ
- July 3, 2018
កាលពីមួយរយៈមុន ផលិតផលកាមេរ៉ារបស់ក្រុមហ៊ុន Light ម៉ូដែល L16 ធ្លាប់ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលម្ដងរួចមកហើយដោយសារតែវាគឺជាកាមេរ៉ាដំបូងបង្អស់លើពិភពលោកដែលមាន lens ដល់ទៅ 16គ្រាប់ឯណោះ។ ប៉ុន្ដែ ទោះជាយ៉ាងណាក្រុមហ៊ុននេះនៅមិនទាន់អស់ចិត្តនៅឡើយទេ ហើយកាលពីពេលថ្មីៗនេះ Light បានបង្កើតស្មាតហ្វូនថ្មីមួយទៀតដែលមានកាមេរ៉ាក្រោយដល់ទៅ 9គ្រាប់។

ខាងលើនេះគឺជារូបភាពកាមេរ៉ា L16 របស់ក្រុមហ៊ុន Light ដែលត្រូវបានចេញលក់រួចរាល់ហើយ។ ដោយឡែក សម្រាប់រូបភាពនៃស្មាតហ្វូនថ្មី គឺយើងនៅមិនទាន់ទទួលបាននៅឡើយទេ។ យោងតាមគេហទំព័រ The Washington Post reports បានលើកឡើងថា ខ្លួនកំពុងព្យាយាមបង្កើតរូបភាពស្មាតហ្វូនដែលមានកាមេរ៉ាក្រោយចន្លោះពី 5 ទៅ 9គ្រាប់។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Light នឹងមានទំហំរហូតដល់ទៅ 64MP ឯណោះ ដែលអាចចាប់យករូបភាពពន្លឺខ្សោយបានល្អបំផុត។ មិនតែប៉ុណ្ណោះ ស្មាតហ្វូននេះក៏អាចបង្កើតរូបភាពព្រាលខាងក្រោយបានផងដែរ។ បើធៀបទៅនឹង L16 ដែលមានកាមេរ៉ាដល់ទៅ 16គ្រាប់ គឺអាចចាប់យករូបភាពក្នុងទំហំ 52MP បាន។
ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Light នឹងត្រូវបានប្រកាសនាចុងឆ្នាំ2018 ខាងមុខនេះ ឯតម្លៃវិញលឺសូរថាអាចលោតដល់ខ្ទង់ពាន់ដុល្លារឯណោះ។

Fu
ប្រភព៖ petapixel
- Share This Post:






