ច្បាស់ក្រលែតតែម្តង! លេចធ្លាយរូបរាងទាំងមូលរបស់កំពូលស្មាតហ្វូន Huawei P20 តើស្រលាញ់ទេ?
- February 23, 2018
ជាការពិតណាស់ សម្រាប់កំពូលស្មាតហ្វូន Huawei Mate 10 និង Mate 10 Pro គឺជាស្មាតហ្វូនដែលមានរូបរាងស្រស់ស្អាត និងទាក់ទាញ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ម៉ូដែល Pro ថែមទាំងទទួលបានពានរង្វាន់ Phone of the Year 2017 ទៀតផង។ ដូចនេះ សម្រាប់កំពូលស្មាតហ្វូនជំនាន់ក្រោយៗទៀតរបស់ក្រុមហ៊ុននេះ ក៏នឹងនៅតែបន្ដភាពជោគជ័យនេះដដែល។

កាលពីពេលថ្មីៗនេះ យើងទទួលបានរូបភាពមួយចំនួនទាក់ទងទៅនឹងកំពូលស្មាតហ្វូន Huawei P20 ដែលអាចនឹងត្រូវបានដាក់តាំងបង្ហាញក្នុងទីក្រុង Paris នាចុងខែក្រោយនេះ។ យោងតាមរូបភាពដែលបានលេចធ្លាយ យើងអាចសង្កេតឃើញនូវការផ្លាស់ប្ដូរ និងរចនាបទថ្មីមួយចំនួនផងដែរ។ អ្វីដែលអស្ចារ្យបំផុតសម្រាប់កំពូលស្មាតហ្វូន Huawei P20 គឺរចនាបទដែលកាន់តែស្ដើងទៅៗ និងស្ទើរតែគ្មានគែមទៀតផង។ បើធៀបទៅនឹង Huawei P10 រចនាបទនេះគឺពិតជាអស្ចារ្យខ្លាំងណាស់។

ក្រៅពីរូបរាង និងអេក្រង់ យើងក៏ទទួលបានរូបភាពបង្ហាញពីគែមសងខាងផងដែរ។ ចំពោះផ្នែកខាងស្ដាំ យើងសង្កេតឃើញមានប៊ូតុង Power មួយ ប៉ុន្ដែនៅលើនោះបន្ដិច យើងក៏សង្កេតឃើញមានរន្ធតូចៗជាច្រើន ដែលអាចជា sensor អ្វីមួយផងដែរ។ តាមរយៈការប៉ាន់ស្មាន យើងអាចសន្មត់បានថានេះគឺជាប៊ូតុងសម្លេងដែលគ្មានរូបរាង។

គួរបញ្ជាក់ផងដែរថា ចំពោះកាមេរ៉ាវិញក៏ត្រូវបានអភិវឌ្ឍន៍ដែរ។ ថ្វីបើយើងមិនទាន់ដឹងច្បាស់ពីលក្ខណៈពិសេស តែយើងអាចមើលឃើញពីភាពខុសគ្នារបស់ P20 និង P10។ កាមេរ៉ារបស់ P20 ហាក់ដូចជាមានសភាពធំជាង P10 ហើយក៏រាងមូលជាងដែរ។ ដូចនេះ សម្រាប់អ្នកប្រើប្រាស់ គឺកាន់តែមានភាពងាយស្រួលក្នុងការចាប់កាន់ថតផងដែរ។

សម្រាប់ការផ្លាស់ប្ដូរដ៏ធំមួយទៀត គឺឧបករណ៍បំពងសម្លេង។ យោងតាមរូបភាព យើងអាចសន្មត់បានថា ឧបករណ៍បំពងសម្លេងគឺមានដល់ទៅពីរនាផ្នែកខាងក្រោម ខុសពី P10 ដែលមានឧបករណ៍បំពងសម្លេងតែមួយប៉ុណ្ណោះ។ តាមរយៈការបែកធ្លាយ និងពាក្យចចាមអារាមពីមុនបានលើកឡើងថា Huawei P20 អាចនឹងមានកាមេរ៉ាក្រោយដល់ទៅ 3ឯណោះ។ ប៉ុន្ដែ រូបភាពដែលបានបង្ហាញនេះ យើងសង្កេតឃើញកាមេរ៉ាតែ 2ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Huawei ធ្លាប់លើកឡើងហើយថា Huawei P20 នឹងត្រូវបានផលិតឡើង 2ម៉ូដែលផ្សេងគ្នា ដូចនេះ ម៉ូដែលមួយទៀតអាចនឹងជាម៉ូដែលកំពូលដែលមានកាមេរ៉ាដល់ទៅ 3ឯណោះ។

គួរឲ្យសោកស្ដាយដែលថារន្ធដោតកាស គឺមិនមានទៀតទេសម្រាប់កំពូលស្មាតហ្វូន Huawei P20។ ប៉ុន្ដែ យើងសង្កេតឃើញរន្ធ USB-C ដែលប្រើប្រាស់សម្រាប់សាកថ្ម និងអាចជារន្ធដោតកាស ពោលគឺដូច iPhone ជំនាន់ក្រោយៗផងដែរ។ ទាក់ទងទៅនឹងលក្ខណៈពិសេសរបស់កំពូលស្មាតហ្វូននេះ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្ដែរូបភាពដែលបានបង្ហាញនេះ ក៏មានបញ្ជាក់ពីកាលបរិច្ឆេតនៃការដាក់តាំងបង្ហាញផងដែរ ហើយខែក្រោយនេះ គឺជាការកំណត់។


Fu
ខ្មែរណូត
ប្រភព៖ androidauthority
- Share This Post:






