បច្ចេកវិទ្យា

គ្រាន់តែតារាស្រី Kylie Jenner បង្ហោះសារប៉ុន្មានឃ្លានេះសោះ ធ្វើឲ្យក្រុមហ៊ុនមួយនេះខាតបង់ប្រាក់រាប់ពាន់លានដុល្លារ

BY
Khmernote Media
February 23, 2018

បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Snap បានទទួលរងការធ្លាក់ចុះនៃតម្លៃហ៊ុនរបស់ខ្លួនដល់ទៅ៦ភាគរយ ក្រោយពេលតារាស្រីដ៏ល្បីឈ្មោះអ្នកនាង Kylie Jenner បានប្រកាសថា មិនយូរប៉ុន្មាននាងនឹងឈប់ប្រើប្រាស់កម្មវិធី Snapchat នេះទៀតហើយ។ ក្រោមការធ្លាក់ចុះនៃតម្លៃហ៊ុននេះវាធ្វើអោយក្រុមហ៊ុន Snap ត្រូវខាតបង់ជាទឹកប្រាក់សរុបប្រមាណជា ១.៣ពាន់លានដុល្លារ។ Jenner ធ្លាប់ជាអ្នកប្រើប្រាស់ដ៏មានឥទ្ធិពលម្នាក់របស់ Snapchat។ តែកាលពីថ្ងៃពុធនាងបានបង្ហោះ tweet “តើមាននរណាខ្លះមិនបើក Snapchat តទៅទៀត? រឺក៏មានតែខ្ញុំម្នាក់ទេ វាគួរអាយពិបាកចិត្តណាស់”។

នាងបានបន្តបង្ហោះ tweet ផ្សេងទៀត “នៅតែស្រលាញ់អ្នក Snap ….ក្តីស្រលាញ់ដំបូងរបស់ខ្ញុំ”។ Snapchat ក៏ធ្លាប់រងការរិះគន់យ៉ាងច្រើនណាស់ដែរជាមួយនឹងគ្រោងការណ៍ថ្មីរបស់ App មួយនេះ មានមនុស្សជាង ១.២លាននាក់បានចុះហត្ថលេខាលើញត្តិមួយ សុំអោយក្រុមហ៊ុននេះលុបចោលការកែច្នៃឡើងវិញនេះ។ តែត្រូវបានក្រុមហ៊ុននេះច្រានចោលនូវសំណើរមួយនេះ បែបនេះហើយទើបការបង្ហោះរបស់អ្នកនាង Kylie Jenner វាប្រៀបដូចជាការបន្ថែមសាំងទៅលើភ្លើងថែមទៀត។

អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Snap នៅតែប្រកាន់ជំហរការកែប្រែនេះ គាត់មានប្រសាសន៍ថា ” Snap កំពុងដើរលើយុទ្ធសាស្រ្តត្រឹមត្រូវ តែវាគ្រាន់តែត្រូវការការគ្រប់គ្រងដំណើរការអោយបានល្អ”។ គាត់បន្ថែមថា “មានអ្នកប្រើប្រាស់មួយចំនួនប្រហែលជាមានការលំបាកជានឹងការកែប្រែថ្មីនេះ តែវាធ្វើឡើងក្នុងគោលបំណងបង្កើតភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន រឺរូបភាពដែលអ្នកប្រើប្រាស់បាត់ក្នុងរយៈ២៤ម៉ោងតែប៉ុណ្ណោះ”។ Kylie Jenner មិនមែនជាតារាតែម្នាក់ដែលមានការមិនពេញចិត្តទៅលើការកែប្រែថ្មីរបស់ Snapchat នេះទេ កាលពីប៉ុន្មានខែមុនតារាម៉ូដែល Chrissy Teigen ក៏មានការមិនពេញចិត្តដូចគ្នានោះដែរ៕

ប្រភព៖ CNN

Share This Post: