បុរសជនជាតិខ្មែរ មានវិជ្ជមានកូវីដ-១៩ នៅខេត្តព្រៃវែង បានទទួលមរណភាព ដោយសារជំងឺស្ទះសរសៃឈាមបេះដូង
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បានអោយដឹងថា បុរសជនជាតិខ្មែរ អាយុ៦៩ឆ្នាំ ម្នាក់មានអាសយដ្ឋាននៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ-ខ- ស្រុកពាមរក៏ ខេត្តព្រវែង បានទទួលមរណភាពនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ០៩:៤០នាទីព្រឹក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រែវែង ដោយសារជំងឺស្ទះសរសៃបេះដូង។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងទៀតថា បុរសវ័យ៦៩ឆ្នាំខាងលើនេះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៥:៣០នាទីល្ងាច ដោយសាររកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ដោយលទ្ធផលវិភាគទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ ពេលចូលមកដល់មន្ទីរពេទ្យខេត្តនេះ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាពគាត់ ហើយសភាពអ្នកជំងឺនៅពេលនោះ មិនមានក្អក មិនមានហត់ មិនមានក្តីខ្លួន តែក្រុមគ្រូពេទ្យមានការកត់សម្គាល់នូវសម្ពាធឈាមរបស់អ្នកជំងឺឡើងខ្ពស់ខុសធម្មតា ដែលតាមការសាកសួរឃើញថា គាត់ធ្លាប់បានទៅពិនិត្យ និងព្យាបាលជំងឺប្រចាំកាយរបស់ខ្លួននៅគ្លីនិកឯកជន។
នៅវេលាម៉ោងប្រហែលជា ២៣:០០នាទីយប់ នៃថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានៅពិនិត្យមើលសុខភាពគាត់ម្តងទៀត ឃើញថាមានសភាពធម្មតា។ នៅវេលាព្រឹកម៉ោងប្រហែលជា ៦:០០នាទៅ នៃថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុរសខាងលើ បានចេញមកធ្វើលំហាត់ប្រាណអស់ពេលជាយូរ ហើយក៏បានចូលទៅសម្រាកនៅក្នុងបន្ទប់របស់ខ្លួនវិញ ដោយបានសម្រាន្តលង់លក់ រហូតដល់អ្នកជំងឺកូវីដ-១៩ម្នាក់ទៀតដែលនៅសម្រាកជិតនោះ ដាស់គាត់ឲ្យុពិសារបាយព្រឹក ក៏ឃើញថាគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ។
ការសន្និដ្ឋារបស់ក្រុមគ្រូពេទ្យ បុរសវ័យ៦៩ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិតដោយសារជំងឺស្ទះសរសៃឈាមបេះដូង មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ នោះឡើយ៕
