ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនបុរសម្នាក់ បើករថយន្តគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ដើម្បីចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តកំពត

    BY Khmernote Media March 19, 2021
    ឃាត់ខ្លួនបុរសម្នាក់ បើករថយន្តគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ដើម្បីចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តកំពត

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១ មានរថយន្ត១គ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍។ យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់នៅ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោម៖

    ឈ្មោះ ណុះ ឌត ភេទប្រុស អាយុ៤៨ឆ្នាំ បើកបររថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0453 បានបើកគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ដើម្បីចាកចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តកំពត។ យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រង់មាត្រាទី១០.

    – បទមិនគោរពវិធានការរដ្ឋបាល

    – ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះត្រូវទទួលពិន័យអន្តរការណ៍ពី១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។

    – ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយខែ)ទៅ៣(បី) ឆ្នាំនិងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន) រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

    – ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ) ឆ្នាំទៅ ៥(ប្រាំ)ឆ្នាំនិងពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

    ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។
    សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

    Share This Post: