ទំនិញហួសគុណភាពប្រមាណជាង១៥គីឡូក្រាម ត្រូវបានមន្ត្រីជំនាញ រកឃើញនៅក្នុងផ្សារព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តប៉ៃលិន ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅតាមផ្ទះលក់ទំនិញ និងម៉ាត ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើ ប្រមាណ ១៥.៦០គីឡូក្រាម រួមមាន៖
– ប័រ ចំនួន ១៥កំប៉ុង
– កាហ្វេកញ្ចប់ ចំនួន ១០កញ្ចប់
– គ្រាប់ល្ងខ្មៅ និងគ្រាប់ល្ងស ចំនួន ១២កញ្ចប់
– គ្រាប់សណ្តែក ចំនួន ០២កញ្ចប់
– គុយទាវ ចំនួន ០៥កញ្ចប់
– ម្សៅស៊ុប ចំនួន ០៣កញ្ចប់។
បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការដុតកម្ទេចចោល។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕







ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF