ដំណឹងល្អ! ក្រុមហ៊ុន Samsung និង Qualcomm កំពុងចាប់ដៃគ្នាដើម្បីផលិតបន្ទះឈីបដែលអាចចាប់យកល្បឿន 5G បាន
- February 24, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់ពិភពលោក Qualcomm បានចាប់ដៃគូគ្នាជាមួយនឹងក្រុមហ៊ុនអេឡិចត្រូនិចខ្នាតយក្ស Samsung ដើម្បីដំណើរការផលិតបន្ទះឈីប 7nm ដែលមានសមត្ថភាពអាចចាប់យកល្បឿនអ៊ីនថឺណេត 5G បាន។ សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Samsung ជាមួយនឹងការបញ្ជាក់មួយថា បន្ទះឈីប 5G នឹងត្រូវបានដំណើរការលើប្រព័ន្ធ 7-nanometer របស់ក្រុមហ៊ុន Samsung។

សម្រាប់មូលហេតុដែលក្រុមហ៊ុនទាំងពីរនេះសម្រេចសហការគ្នា គឺដោយសារតែក្រុមហ៊ុន Qualcomm មិនអាចបោះជំហានធំបានទេលើបច្ចេកវិទ្យានេះ ពោលគឺត្រូវការក្រុមហ៊ុន Samsung ដើម្បីជួយ ឯក្រុមហ៊ុន Samsung វិញក៏ទទួលបានផលប្រយោជន៍សម្រាប់ស្មាតហ្វូនជំនាន់ក្រោយខ្លួនដែរ។ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Qualcomm ម្នាក់លោក RK Chunduru បានលើកឡើងថា “ការប្រើប្រាស់បន្ទះឈីប 7nm LPP EUV ជំនាន់ថ្មីនៃ Snapdragon 5G នឹងនាំយកមកជាមួយនូវបច្ចេកវិទ្យាឈានមុខគេ និងបទពិសោធន៍ថ្មីសម្រាប់ថ្មីថ្ងៃអនាគត។”
គួរបញ្ជាក់ផងដែរថា សម្រាប់ពេលបច្ចុប្បន្ននេះ បន្ទះឈីបរបស់ក្រុមហ៊ុន Samsung គឺផ្ដោតសំខាន់ទៅលើប្រភេទ Exynos ហើយសម្រាប់ក្រុមហ៊ុន Meizu ក៏បានប្រើប្រាស់បន្ទះឈីបប្រភេទ Exynos 7672 សម្រាប់ស្មាតហ្វូនខ្លួនដែរ។ អាចនិយាយបានថា នេះគឺជាស្មាតហ្វូនដែលមិនមែនជារបស់ក្រុមហ៊ុន Samsung តែមានភ្ជាប់មកជាមួយនឹងបន្ទះឈីបប្រភេទ Exynos។
ទោះជាយ៉ាងណា បន្ទះឈីប 5G នេះនឹងងាយដាក់ឲ្យប្រើប្រាស់ឡើយ ពោលគឺលោកអ្នកអាចនឹងត្រូវរងចាំរហូតដល់ឆ្នាំ2019 ឯណោះ។ មិនតែប៉ុណ្ណោះ ឆ្នាំ2019 ក្រុមហ៊ុនសេវាទូរស័ព្ទជាច្រើននឹងធ្វើការអភិវឌ្ឍបច្ចេកវិទ្យាខ្លួន ហើយសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនក៏ដល់ពេលអភិវឌ្ឍន៍ដូចគ្នាដែរ។
Fu
ខ្មែរណូត
ប្រភព៖ phandroid
- Share This Post:








