សិល្បៈ

ទោះបីភរិយាលាចាកលោកក៏ពិតមែន ប៉ុន្តែលោក ហួ ឡាវី នៅតែអុជទៀនបំភ្លឺមុខផ្ទះពេលយប់រង់ចាំភរិយាមកផ្ទះវិញជានិច្ច

BY
Khmernote Media
March 22, 2021

កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន អំពីករណីស្ត្រីវ័យ៦២ឆ្នាំ ជនជាតិខ្មែរម្នាក់បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី២នៅកម្ពុជា ហើយស្ត្រីរូបនោះត្រូវបានគេស្គាល់ថាជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺកញ្ញា វី ឌីណែត និងជាភរិយាតារាចម្រៀងជើងចាស់គឺលោក ហួ ឡាវី។

បន្ទាប់ពីភរិយារបស់លោក ហួ ឡាវី បានទទួលមរណភាពទៅ យើងសង្កេតឃើញមហាជនជាច្រើនសម្តែងការសោកស្តាយ និងផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក។ ទោះបីជាភរិយាបានលាចាកលោកមែនពិត តែលោក ហួ ឡាវី នៅតែនឹករលឹក និងអុជទៀនអង្គុយចាំភរិយាជានិច្ច។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Lida Vy ដែលជាកូនស្រីរបស់លោក ហួ ឡាវី បានឲ្យដឹងកាលពីប៉ុន្មានថ្ងៃមុនថា “ម៉ាក់អើយដឹងអត់ប៉ាអុជទៀនបំភ្លឺមុខផ្ទះរង់ចាំម៉ាក់មកផ្ទះវិញ ថ្មើនឹងហើយប៉ាមិនគេងទេ ប្រែខ្នងចុះឡើងឥតឈប់ ត្រូវមកផ្ទះវិញមកថែរក្សាប៉ាដូចមុន” ហើយអ្នកស្រីបានបង្ហោះកាលពីម្សិលមិញទៀតថា “ម៉ាក់អើយប៉ាអុជទៀនអង្គុយចាំម៉ាក់ទៀតហើយ😭😭😭ម៉ាក់មកផ្ទះយើងវិញមកម៉ាក់”៕

Share This Post: