ជិះម៉ូតូឆក់កាបូបនារីម្នាក់បានសម្រេចរួចបើករត់ តែក៏ត្រូវម្ចាស់កាបូបរួមជាមួយប្រជាពលរដ្ឋជិះដេញតាមរហូតចាប់ក្របួចបានទាំង២នាក់
រាជធានីភ្នំពេញ៖ កូវីដមិនទាន់ចប់ ក្រុមសង្គមងងឹតចេញធ្វើសកម្មភាពគ្រប់ប្រភេទ ជនសង្ស័យចំនួន២ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីនារីវ័យក្មេងស្រស់ស្អាតម្នាក់បានសម្រេច កាលពីវេលាម៉ោង០៨យប់ថ្ងៃទី២២ ខែមីនាឆ្នាំ ២០២១នៅចំណុចមុខមន្ទីពេទ្យកុមារជាតិ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រួចព្យាយាមបើករត់ត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋដេញចាប់រហូតមកដល់ផ្លូវ ១១៨ ខាងក្រោយក្រសួងថ្នាក់អភិវឌ្ឍន៍ ក្នុងសង្កាត់មិត្តភាពខណ្ឌ៧ មករាទើបឃាត់ខ្លួនបាន។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យទី១មានឈ្មោះ ដួងចន្ទ័បញ្ញា ភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវមាត់ទន្លេង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ទី២មានឈ្មោះលៀវ សៀវឡុង ភេទប្រុសអាយុ ១៧ ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ នៅសាលាឫស្សីកែវ ស្នាក់នៅមិនពិតប្រាកដ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ចំណែកជនរងគ្រោះមានឈ្មោះ យៀក គឹមហ្វី ភេទស្រីអាយុ ១៧ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បច្ចុប្បន្នក្រោយកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍មិត្តភាព ខណ្ឌ៧មករា ប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១វិញ ដែលជាមូលដ្ឋានកើតហេតុ យកទៅសាកសួរ និងកសាងសុំណំរឿង ចាត់ការតាមនិតីវិធីច្បាប់ ៕



ដោយ៖ បងម៉េង ខ្មែរណូត