ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្ដីក្រសួងការពារជាតិអះអាងថា វ៉ាក់សាំង ស៊ីណូហ្វាមដែលជាជំនួយបន្ថែមរបស់​ចិន ចំនួន៣០ម៉ឺនដូស នឹងមកដល់កម្ពុជានៅចុងខែមីនានេះ

    BY Khmernote Media March 24, 2021
    រដ្ឋមន្រ្ដីក្រសួងការពារជាតិអះអាងថា វ៉ាក់សាំង ស៊ីណូហ្វាមដែលជាជំនួយបន្ថែមរបស់​ចិន ចំនួន៣០ម៉ឺនដូស នឹងមកដល់កម្ពុជានៅចុងខែមីនានេះ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយបន្ថែមរបស់សាធារណរដ្ឋ​ប្រជា​មានិតចិន ចំនួន៣០ម៉ឺនដូស តាមរយៈក្រសួងការពារជាតិរបស់ចិន ប្រគល់ជូន​ក្រសួង​ការពារ​ជាតិ​​កម្ពុជា នឹងមកដល់ប្រទេសកម្ពុជានាពេលប៉ុន្មានថ្ងៃខាងមុខ ពោលគឺនៅចុងខែ​មីនានេះ។ នេះបើតាមការអះអាងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ថ្លែងឱ្យដឹងកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

    សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ថា វ៉ាក់សាំង​ស៊ីណូហ្វាម ដែលជាជំនួយលើកទី២ របស់ចិន ចំនួន៣០ម៉ឺនដូស នឹងមកដល់ប្រទេស​កម្ពុជាយើង នាពេលឆាប់ៗខាងមុខនេះ ហើយវ៉ាក់សាំងនេះនឹងប្រគល់ជូនមក​ក្រសួង​ការ​ពារជាតិ ដើម្បីដាក់ចូលក្នុងឃ្លាំង នឹងបន្ដចាក់ជូនកងទ័ព និងគ្រួសារកងទ័ព”។ សម្ដេច​ពិជ័យសេនាបានលើកឡើងថា នៅពេលវ៉ាក់សាំងស៊ីណូហ្វាម ដឹកមកដល់អាកាស​យាន​ដ្ឋានអន្តរជាតិភ្នំពេញ សម្ដេចជាអ្នកអញ្ជើញទៅទទួលដោយផ្ទាល់ តំណាងសម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

    សូមបញ្ជាក់ផងដែរថា បើយោងតាមលិខិតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញឱ្យដឹងថា វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៣០ម៉ឺនដូសនេះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃ​ប្រទេសកម្ពុជា នាវេលាម៉ោង១៩៖ ០០ នាទីយប់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១​ខាងមុខ​នេះ។ ក្នុងលិខិតដដែលបានបន្ដថា វ៉ាក់សាំងចំនួន៣០ម៉ឺនដូសនេះ ជាជំនួយឧបត្ថម្ភលើក​ទី២ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេសចិន ជូន​ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ហើយវ៉ាក់សាំងនេះ ក៏ប្រើប្រាស់សម្រាប់​បន្ដ​ចាក់ជូនកងទ័ព និងគ្រួសារកងទ័ព។

    ជាការឆ្លើយតប ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយល់ព្រមតាមការស្នើសុំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ក្នុងការទទួល និងប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វាម ដែលជា​ជំនួយ​បន្ថែមរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន៣០ម៉ឺនដូស តាមរយៈក្រសួង​ការ​ពារប្រទេសរបស់ចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីប្រើប្រាស់សម្រាប់បន្ដ​ចាក់​​ជូនកងទ័ព និងគ្រួសារកងទ័ព៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: